ព័ត៌មានជាតិ
ខេត្តបាត់ដំបង ចាប់ផ្តើមបើកការប្រណាំងទូកព្រឹកនេះ
ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកម្មវិធីប្រណាំង ទូកទៅតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក ធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងសង្កែកណ្ដាលក្រុងបាត់ដំបង។

នៅមុនថ្ងៃប្រារព្ធពិធីនេះដែរ គេសង្កេតឃើញថា រដ្ឋបាលខេត្តបានសម្រុកយ៉ាងមមាញឹកដើម្បីរៀបចំឆ្នេរស្ទឹងសង្កែឲ្យមានសោភ័ណភាពអមទៅដោយវិមានឯករាជ្យយ៉ាងស្រស់ត្រកាលព្រមទាំងមានរៀបចំភ្លើងចម្រុះពណ៌ និងស្តង់លក់ទំនិញគ្រប់ប្រភេទ។
នៅព្រឹកថ្ងៃទី ២៨ ខែតុលា នេះពិធីប្រណាំងទូកង និងទូកប្រពៃណីបានចាប់ផ្ដើមឡើងក្រោមអធិបតីភាពលោក សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តបានអញ្ជើញចូលរួមផងដែរដោយឡែកប្រជាពលរដ្ឋដែលមកពីតាមបណ្ដាលស្រុកនានាក៏បានចូលមកឈរត្រៀបត្រានៅសងខាងច្រាំងស្ទឹងសង្កែយ៉ាងច្រើនកុះករ។
យោងតាមរបាយការណ៍របស់គណៈកម្មការនៃពិធីបុណ្យអុំទូកនេះបានបញ្ជាក់ថាចំនួនទូកសម្រាប់ចូលរួមប្រណាំងដែលមកពី ខេត្តពោធិសាត់ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង សរុបមានចំនួន ៤៥ ទូកក្នុងនោះគឺ ទូកផ្កាចំណុះពី ៦ ទៅ ១០ នាក់មានចំនួន ៨ ទូក។ទូកខ្នាតអន្តរជាតិនារីចំណុះ ២២ នាក់មាន ២ ទូក។ទូកខ្នាតអន្តរជាតិបុរសចំណុះ ២២ នាក់មាន ៦ ទូក។ទូកខ្លីប្រពៃណីជាតិចំណុះ ២៣ នាក់មានចំនួន ២៣ ទូកក្នុងនោះមានទូកមិត្តភាពចំនួន ៣ ទូក។ទូកងវែងដែលជាទូកប្រពៃណីជាតិចំណុះចាប់ពី ៦៨ នាក់ឡើងទៅមានចំនួន ៦ ទូកដោយសរុបកីឡាករនិងកីឡាការិនីមានចំនួន១.៥៩៦ នាក់ក្នុងនោះកីឡាពេញសិទ្ធិមានចំនួន ១.២៧៣ នាក់ និងកីឡាបម្រុងមានចំនួន ៣២៣ នាក់។
ដោយឡែកនៅថ្ងៃទី ២៩ ខែតុលា ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូកហើយក៏ជាថ្ងៃដែលទូកទាំងអស់ត្រូវប្រកាសជ័យលាភី គឺមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលនឹងអញ្ជើញមកចូលរួមបិទកម្មវិធីនិងប្រគល់ពានរង្វាន់ដល់ទូកដែលទទួលបានជ័យជំនះផងដែរ៕ អត្ថបទ: សោ និយមរ័ត្ន




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


