Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំអំពាវនាវឱ្យបេក្ខជនទៅមើលឈ្មោះឱ្យបានគ្រប់ៗគ្នាដើម្បីត្រៀមចូលរួមការប្រឡងខាងមុខ

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានអំពាវនាវដល់បេក្ខជនប្រឡងបាក់ឌុប
អញ្ជើញ​ទៅលើឈ្មោះប្រឡងឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមចូលរួមប្រឡងនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាបានបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងនៅតាមរាជធានី ខេត្ត លើកទី១ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលឈ្មោះតាមមណ្ឌលប្រឡង និងលើកទី២នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ។

លោកស្រី ឃួន វិច្ឆិកា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣០តុលានេះថា «ការមើលឈ្មោះថ្ងៃនេះ គឺដើម្បីផ្ទៀងផ្ទាត់ថាបេក្ខជនមានសិទ្ធិប្រឡង។ ករណីមានបញ្ហាបាត់ឈ្មោះ ឬមិនប្រក្រតីណាមួយយើងមានពេលផ្ទៀងផ្ទាត់ឡើងវិញ
ឱ្យ​បានទាន់ពេល។ ប្រសិនរកឃើញបញ្ហានៅថ្ងៃ៥ មុនប្រឡងនឹងពិបាកដោះស្រាយ។ ដូច្នេះសូមបេក្ខជនគ្រប់រូបអញ្ជើញទៅមើលឈ្មោះប្រឡងឱ្យបានគ្រប់ៗគ្នា»។

បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថាដំណើរការប្រឡងបាក់ឌុបឆ្នាំនេះនឹងត្រូវប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ទាំង៤នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ពោលគឺ“អ្នកចេះជាប់”។

លោកឧបនាយករដ្ឋមន្ត្រី អំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារ ផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។​ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាព​ផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន៩២៧៧នាក់ ស្រី៧៣.២៧៨នាក់ចែកជា​២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤៧៨៩នាក់)​ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។

ក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម