ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ ការផ្សព្វផ្សាយថាបែកធ្លាយវិញ្ញាសាប្រឡង ជាចេតនានយោបាយអាក្រក់ ដើម្បីបន្ទច់បង្អាក់ក្រសួងតែប៉ុណ្ណោះ
លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ការផ្សព្វផ្សាយថា មានការបែកធ្លាយវិញ្ញាសាប្រឡងគឺជាចេតនានយោបាយអាក្រក់ដើម្បីបន្ទច់បង្អាក់ក្រសួងអប់រំតែប៉ុណ្ណោះ ដែលទង្វើនេះមិនមានផលចំណេញអ្វីដល់យុវជនយើងទេ។ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ក្នុងឱកាសអញ្ញើញបើកប្រធានវិញ្ញាសាប្រឡងនៅវិទ្យាល័យព្រះស៊ីសុវត្តិ។

លោក ឧបនាយករដ្ឋមន្ត្រី បានបន្តថា ឆ្នាំនេះជាលើកទី១០ ហើយដែលក្រសួងមានការកែទម្រង់ការប្រឡងហើយវិធានការចម្បងនៃការកែទម្រង់នៃការប្រឡងគឺធ្វើយ៉ាងណាកុំឱ្យមានការបែកធ្លាយប្រធានវិញ្ញាសាប្រឡងដោយក្រសួងបានពង្រឹងទាំងអ្នកដែលតាក់តែងវិញ្ញាសាក្រុមការងារថតចម្លង វេចខ្ចប់ ដឹកជញ្ជួន និងទុកដាក់វិញ្ញាសាគឺបានគិតគូរយ៉ាងម៉ត់ចត់ និងមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា «សូម្បីអ្នកថតចម្លងវិញ្ញាសាក៏មិនបានឃើញវិញ្ញាសាដែរ គឺថតផ្កាប់រហូតហើយច្រក និងដឹកជញ្ជួនពោលគឺថាប្រតិបត្តិករមិនបានដឹងដែរគឺមានតែអ្នកតាក់តែងវិញ្ញាសាប្រឡងទេដឹង។ អីចឹងនៅពេលមានព័ត៌មានថាមានបែកធ្លាយវិញ្ញាសាក្រសួងធ្វើការបដិសេធភ្លាម ហើយនេះជាលើកទី១ ដែលមានការចេញបែកធ្លាយវិញ្ញាសាបន្ទាប់ពីក្រសួងបានកែតម្រង់តាំងពីឆ្នាំ២០១៤ មកហើយ នេះអាចថាជាចេតនានយោបាយអាក្រក់អីក៏បានដែរដើម្បីបន្ទច់បង្អាក់ ប៉ុន្តែសំខាន់ត្រូវគិតថាតើធ្វើនេះវាមិនមានផលចំណេញអ្វីដល់យុវជនយើងទេយុវជនត្រូវការការសិក្សារៀនសូត្រធ្វើយ៉ាងមិចលើកទឹកចិត្តឱ្យគាត់ខំប្រឹងរៀន មិនត្រូវឱ្យគាត់ទៅប្រឹងរកវិញ្ញាសាដែលបែកធ្លាយ ឬទៅហ្វូតូកូពីដែលជាទម្លាប់លើកមុនៗនោះទេ»។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ថាមិនមានការបែកធ្លាយទេសូម្បីតែសោរក៏កាន់ខុសគ្នា ហើយមានការចូលរួមត្រួតពិនិត្យជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយមិនត្រឹមតែនៅលើក្រដាស ឬដំណើរការសំណេរ ឬនៅលើទំព័រហ្វេប៊ុកទៀត»។
លោកឧបនាយករដ្ឋមន្ត្រីបានពន្យល់ថា «មូលហេតុដែលបែកធ្លាយវិញ្ញាសាបណ្តាលមកពីការបង្ហោះ។ ដូចនេះហើយក្រសួងបានហាមប្រាមមិនឱ្យប្រើប្រាស់ឧបករណ៍អេឡេចត្រូនិចនេះ គឺមានគោលដៅមិនឱ្យមានការបែកធ្លាយ ព្រោះកន្លងមកបើកឱ្យមានទូរស័ព្ទចូលមានការថតចម្លង ផ្សព្វផ្សាយ នាំឱ្យមានការបែកធ្លាយ។ នេះជាមូលហេតុដែលមិនអនុញ្ញាតឱ្យបេក្ខជននាំទូរស័ព្ទដៃចូលដើម្បីចៀសវាងការថតចម្លងនេះឯងមិនឱ្យថតវិញ្ញាសាបង្ហោះទៅក្រៅ ថតចម្លើយបង្ហោះចូលមកវិញ»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សូម្បីគ្រូ និងអនុរក្សក៏មិនឱ្យប្រើទូរស័ព្ទដែរ។ មានតែប្រធានមណ្ឌល និងគណៈកម្មការប្រឡងទូទាំងប្រទេស និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយប្រើបាន បុន្តែក្នុងករណីចាំបាច់ប៉ុណ្ណោះ។

លោក ឃាង សេង តំណាងអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា វិធានការដែលអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តដូចរាល់ឆ្នាំដែរ គឺវិធានការមុនប្រឡង ពេលប្រឡង និងក្រោយប្រឡងដោយឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដោយប្រើច្បាប់អប់រំច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ក្រមព្រហ្មទណ្ឌ និងច្បាប់នានា ព្រមទាំងបទបញ្ជា និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។ ដោយមានអ្នកសង្កេតការណ៍ជាង ៣ពាន់នាក់ ក្នុងនោះនៅភ្នំពេញមានជាង ៥៥០នាក់ ដោយក្នុង ១នាក់សង្កេតការណ៍ ២បន្ទប់។
លោកបានបន្តថា «នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងយើងនឹងយកគោលការណ៍ច្បាប់អនុវត្ត ព្រោះថាអ្នកសង្កេតការណ៍ជាភ្នែក ត្រចៀក និងច្រមុះ ដើម្បីផ្តល់ព័ត៌មាន ផ្តល់ភស្តុតាង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីណាមួយហើយកាលណាយើងមានធាតុផ្សំសព្វគ្រប់ហើយយើងអាចអនុវត្តស្របច្បាប់»។

គួរបញ្ជាក់ថាកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ម្សិលមិញមុនមួយថ្ងៃនៃការប្រឡងបាក់ឌុបមានព័ត៍មានផ្សព្វផ្សាយថាមានការបែកធ្លាយវិញ្ញាសាប្រឡងប្រវត្តិវិទ្យា។ ប៉ុន្តែត្រូវបានក្រសួងអប់រំធ្វើការបដិសេដភ្លាមៗផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក