ព័ត៌មានជាតិ
សម្ពោធបើកដំណើរការផ្សាររាត្រី ភូមិអាហារ នៅខណ្ឌឫស្សីកែវ ខណៈបុណ្យអុំទូកដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃទៀតនេះ
ភ្នំពេញ ៖ ការសម្ពោធបើកដំណើរការផ្សាររាត្រីភូមិអាហារ ខណ្ឌឫស្សីកែវ គឺជា សក្ដានុពលអាជីវកម្ម ដែលនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ស្របពេលដែលប្រជាពលរដ្ឋពីគ្រប់ខេត្ត នឹង អញ្ជើញមកដើរកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាប៉ុន្មានថ្ងៃទៀតនេះ។

នេះជាការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធី “ បើកសម្ពោធផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ឯ.ក” នាព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយអាជីវកម្មទាំងនោះកំពុងដំណើរការដោយរលូន ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកឃួង ស្រេង បានបន្តថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋ ជាស្នូលនៃយុទ្ធសាស្ត្រ ដើម្បីឈានទៅរកបាវចនាទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបាន ប៉ាន់ស្មានថានឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និង ទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគលើគ្រប់វិស័យ។

លោកបានបន្ថែមទៀតថា ការសម្ពោធបើកដំណើរការផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា នាពេលនេះ គឺជា សក្ដានុពលអាជីវកម្ម សម្រាប់បំពេញតម្រូវការទីផ្សារជាក់ស្តែង ដែលនឹងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវនេះតែម្តង។ ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ដែលបានបណ្តាក់ទុន បើក ដំណើរការផ្សាររាត្រីភូមិអាហារ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ សមស្របទៅនឹងកាលៈទេសៈន ព្រឹត្តិការណ៍សង្គមកម្ពុជា ជាពិសេសគឺជាការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋពីគ្រប់ខេត្ត ដែលនឹង អញ្ជើញមកដើរកម្សាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយផ្សាររាត្រី ភូមិអាហារ នឹងក្លាយជាជម្រើសដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋក្នុងចំណុចប្រសព្វរវាងខណ្ឌឫស្សីកែវ និង ខណ្ឌជ្រោយចង្វារ ថែមទៀតផង។

លោកឃួង ស្រេង ក៏បានផ្តាំផ្ញើឱ្យគណៈគ្រប់គ្រងផ្សារ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់-ចំណតរបស់អតិថិជន ចៀសវាងបង្កការកកស្ទះ ការរំខាននានាដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយត្រូវចាត់ទុកថា ការរៀបចំសណ្តាប់ធ្នាប់-ចំណតជូនអតិថិជនបានល្អប្រសើរ គឺជាការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជាចំណុចទាក់ទាញមួយដ៏សំខាន់សម្រាប់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផងដែរ។

លោក ខ្លីហ្វ កហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានមានប្រសាសន៍ថា៖ ផ្សាររាត្រីផ្លូវជាតិលេខ៥គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អីស្ទេត គ្រុប ដើម្បីឆ្លើយតបទៅនឹងទំនួលខុសត្រូវសង្គម ។ ផ្សារនេះមានស្តង់ជាង៣០០ ដែលមាន ទាំងអាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទ ដែលបានចូលរួមលើកកម្ពស់ឱកាសការងារសម្រាប់ប្រជាជនក្នុង ទីក្រុងភ្នំពេញ។ គម្រោងនេះដែរ គ្របដណ្ដប់លើផ្ទៃដីសរុប១,៨ហិកតា ដែលក្នុងនោះ មានវិថីពាណិជ្ជកម្ម ស្ដង់អាហារភេសជ្ជៈ និងផ្សារលក់រាយ ដែលអាចបំពេញនូវរាល់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការកម្សាន្ត និងការ សម្រាកលំហែផងដែរ៕
ដោយ ៖ ស្រីរ័ត្ន





-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


