ព័ត៌មានជាតិ
បុកគេហើយ រត់គេចខ្លួនត្រូវមានទោសបែបណា?
គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ខ្លះ ជនបង្ករ គឺមានទំនួលខុសត្រូវចំពោះគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ចំណែកឯជនបង្ករខ្លះទៀត បានព្យាយាមរត់គេចខ្លួនក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ តើជនបង្ករដែលបុកគេហើយរត់គេច ត្រូវមានទោសបែបណាខ្លះ?

មាត្រា ៨៣ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានបញ្ញត្តិថា រាល់ជនណាដែលបើកបរដោយខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យអ្នកដទៃរងរបួសមិនអាចធ្វើការងារអ្វីបានក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ ហើយជនបង្កនោះរត់គេចក្នុងគោលបំណងមិនទទួលខុសត្រូវ នៅពេលសមត្ថកិច្ចឃាត់ខ្លួនបាន បញ្ជូនខ្លួនទៅតុលាការ តុលាការនឹងផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី៤លានរៀល ទៅ១៥លានរៀល។
ក្នុងករណីជនបង្កបើកបុកអ្នកដទៃបណ្ដាលឱ្យស្លាប់ ហើយរត់គេចខ្លួនមិនទទួលខុសត្រូវ ច្បាប់បានកំណត់ផ្ដន្ទាទោសដាក់ពន្ធធនាគារចាប់ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១០លានរៀល ទៅ២៥លានរៀល។ នេះបើយោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
ជាការកត់សម្គាល់ ក្នុងសង្គមកម្ពុជាត្រឹមរយៈពេលជាង២សប្ដាហ៍ចុងក្រោយនៃខែធ្នូឆ្នាំ២០២៣ គេសង្កេតឃើញថាមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីដែលភាគីម្ខាងដែលជាម្ចាស់រថយន្តបានព្យាយាមរត់គេចចេញពីកន្លែងកើតហេតុភ្លាមៗ។ ២ករណីនោះគឺ ករណីទី១ ក្នុងវេលា១០យប់ថ្ងៃទី១៤ ខែធ្នូ ម្ចាស់រថយន្ត Jeep បានរត់ចោលរថយន្ត ក្រោយបុកជាមួយម៉ូតូ នៅត្រង់ចំណុចបឹងកក់២ ខណ្ឌទួលគោក បណ្ដាលឱ្យអតីតកីឡាករវាយសីម្នាក់បាត់បង់ជីវិត។ ឯករណីទី២នោះគឺ នៅវេលារំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែធ្នូ ម្ចាស់រថយន្ត Hummer បានបើករថយន្តក្នុងបំណងរត់គេចខ្លួនមិនទទួលខុសត្រូវ បន្ទាប់ពីបុកជាមួយម៉ូតូម៉ាក Suzuki Nex នៅតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលករណីនេះបណ្ដាលឱ្យបាត់បង់ជីវិតទាំងម្ដាយ និងកូន ឯបុរសជាស្វាមីរងរបួសធ្ងន់។

យ៉ាងណា សម្រាប់ករណីទី១ ភាគីម្ចាស់រថយន្តម៉ាក ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា កំពុងត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធធនាគារ។ ចំពោះករណីទី២វិញ កាលពីថ្ងៃទី២៧ ខែធ្នូ សមត្ថកិច្ចបានរកឃើញតែរថយន្ត Hummer តែមិនឃើញម្ចាស់។ យ៉ាងណាសមត្ថកិច្ចបាននឹងកំពុងដុតដៃដុតជើងតាមរកម្ចាស់រថយន្ត Hummer យកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


