Connect with us

ព័ត៌មានជាតិ

រដ្ឋ ដំឡើងរបបឧបត្ថម្ភប្រចាំខែដល់អ្នកក្នុងបន្ទុកសពអតីត-មន្ត្រីរាជការ និងសពអតីតយុទ្ធជន ចាប់ពីថ្ងៃទី ១ មករា តទៅ

បានផុស

នៅ

រាជរដ្ឋាភិបាល នឹង​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​អ្នក​នៅ​ក្នុង​បន្ទុក​សព​មន្ត្រីរាជការ​ស៊ីវិល សព​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​សព​អតីត​យុទ្ធជន ចាប់ពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៤ នេះ​តទៅ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​ជីវភាព​រស់នៅ​របស់​ជន​ទាំងនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​អនុក្រឹត្យ ស្តីពី​ការ​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​អ្នក​នៅ​ក្នុង​បន្ទុក​របស់ សព​មន្ត្រីរាជការ​ស៊ីវិល សព​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​សព​អតីត​យុទ្ធជន ចុះ​ថ្ងៃ​ទី ២៩ ធ្នូ បាន​ឲ្យ​ដឹង​ថា អនុក្រឹត្យ​នេះ មាន​គោលបំណង​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​អ្នក​នៅ​ក្នុង​បន្ទុក​របស់​សព មន្ត្រីរាជការ​ស៊ីវិល សព​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​សព​អតីត​យុទ្ធជន ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក ជីវភាព​រស់នៅ​របស់​ជន​ទាំងនេះ ហើយ​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​អ្នក​នៅ​ក្នុង​បន្ទុក​របស់​សព​មន្ត្រីរាជការ​ស៊ីវិល សព​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​សព​អតីត​យុទ្ធជន អនុលោម​តាម​បទប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន។

តាមរយៈ​អនុក្រឹត្យ​នេះ រាជរដ្ឋាភិបាល បាន​សម្រេច​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​សម្រាប់​កូន​នៅ​ក្នុង​បន្ទុក​របស់​សព​មន្ត្រីរាជការ​ស៊ីវិល សព​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​សព​អតីត​យុទ្ធជន ពី ១០ ០០០ រៀល ទៅ ៣០ ០០០ រៀល ក្នុង​កូន​ម្នាក់ និង​ប្រពន្ធ ឬ ប្ដី នៅ​ក្នុង​បន្ទុក​របស់​សព​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​សព​អតីត​យុទ្ធជន ពី ១៥ ០០០ រៀល ទៅ ៣០ ០០០ រៀល ឪពុក ម្តាយ ឬ អាណាព្យាបាល​នៅ​ក្នុង​បន្ទុក​របស់​សព​អតីត​យុទ្ធជន ពី ៨ ០០០ រៀល ទៅ ៣០ ០០០ រៀល។

ការ​ដំឡើង​របប​ឧបត្ថម្ភ​ប្រចាំខែ​ដូច​បាន​កំណត់​ក្នុង​មាត្រា ៣ នៃ​អនុក្រឹត្យ​នេះ ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ ២០២៤ តទៅ។ រាជរដ្ឋាភិបាល បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា រដ្ឋមន្ត្រី​គ្រប់​ក្រសួង អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម និង​ប្រធាន​គ្រប់​ស្ថាប័ន ដែល​ពាក់ព័ន្ធ ត្រូវ​ទទួល​បន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ ខ្លួន ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម