ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃណែនាំកងកម្លាំងឱ្យខិតខំយកចិត្តទុកដាក់បង្រ្កាបបទល្មើសនានា
នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តបង្ក្រាបបទល្មលើសផ្សេងៗ ជាពិសេស បទល្មើសគ្រឿងញៀនដែលជាបញ្ហាដ៏សំខាន់សម្រាប់ប្រទេសជាតិ។ លោកបានណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឱ្យកើតមានឡើងនៅមូលដ្ឋានខ្លួន។ ជាពិសេស ត្រូវរួមគ្នាធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និងបន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងលិខិតបទដ្ឋាននានា បញ្ជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រឹះស្ថានសិក្សាជាប្រចាំតាមរយៈនគរបាល និងសហគមន៍។

លោកបន្តថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឱ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំ។ លោកបន្តថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឱ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត និងមានការរីកចម្រើនផងដែរ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានធ្វើការវាយតំម្លៃខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលរួមសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និងសម្តែងការអបអរសាទរចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើ។

បន្ថែមពីនេះ លោកបានណែនាំឱ្យរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំជម្រុញអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងធ្វើយ៉ាងណាសម្រេចបាននៅយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការធានាសុវត្ថិភាពសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាបនេះ។ លោកក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ ព្រោះគ្រឿងញៀនធ្វើឱ្យខូចសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ។

ជាមួយគ្នានោះ លោក លី សំរិទ្ធ អភិបាលរងខេត្ត បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការវិនិយោគ។ ព្រមទាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សាធារណៈជនទូទៅ ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ទទួលបានភាពកក់ក្តៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្ត និងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ។

លោកអភិបាលរងខេត្តរូបនេះ ក៏បានលើកឡើងនូវករណីមួយចំនួន ដែលត្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ក្នុងការស្រាវជ្រាវ បង្ក្រាបឱ្យខាងតែបាន នូវអំពើចោរកម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និងបទល្មើសផ្សេងៗ។ ក្នុងនោះដែររដ្ឋបាលខេត្ត ក៏បានប្តេជ្ញាបន្តពង្រឹងលើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំសោភណ្ឌភាព ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និង គម្រោងរៀបចំបង្កើតរចនាសម្ព័ន្ធរដ្ឋបាលក្រុងថ្មី ដើមី្បបម្រើសេដ្ឋកិច្ចសង្គម ស្ថានភាពជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ គឿន វេត
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


