Connect with us

ព័ត៌មានជាតិ

បណ្ឌិត គី សេរីវឌ្ឍន៍ ៖ តាមរយៈឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន នឹងឲ្យប្រជាជនកម្ពុជា-ចិន កាន់តែចុះសម្រុងគ្នាផ្នែកវប្បធម៌

បានផុស

នៅ

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យសភាកម្ពុជា រំពឹង​ទុក​ថា តាមរយៈ​ព្រឹត្តិការណ៍​ឆ្នាំ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ នឹង​ឲ្យ​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កាន់តែ​ចុះសម្រុង​គ្នា​ផ្នែក​វប្បធម៌ ហើយ​រំពឹង​ថា កម្ពុជា នឹង​អាច​នាំ​ចេញ​កសិផល​ទៅកាន់​ប្រទេស​ចិន បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជួប​ជាមួយ កម្ពុជាថ្មី ក្នុង​កម្មវិធី​វេទិកា​អ្នក​ជំនាញ ក្រោម​ប្រធានបទ «២០២៤ ឆ្នាំ នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន នឹង​ហុច​ផ្លែផ្កា​អ្វីខ្លះ​ដល់​ប្រទេស​ទាំងពីរ​?» កាលពី​ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៤ កន្លងទៅ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា រំពឹង​ទុក​ថា ប្រសិនបើ​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន កាន់តែ​រឹងមាំ ល្អ​ប្រសើរ អ្វីដែល កម្ពុជា ទទួល​បាន​ផលប្រយោជន៍​នោះ គេ​ហៅថា «​ការ​ចុះ​សម្រុង​ផ្នែក​វប្បធម៌​»។ កន្លងមក នៅ​ពេល​ប្រជាជន​ចិន ចូល​មក​ប្រទេស​កម្ពុជា គឺ​មិនសូវ​ចុះសម្រុង​វប្បធម៌​គ្នា​ទេ ដោយ​របៀបរបប នៃ​ការ​រស់នៅ​តែងតែ​ប្រទាក់ប្រទើស​គ្នា ធ្វើ​ឲ្យ​អារម្មណ៍​ប្រជាជន​កម្ពុជា​មិនសូវ​ជា​សប្បាយ​ចិត្ត​ទេ។

លោក​បន្ថែម​ថា «​អញ្ចឹង​នៅ​ពេល​ដែល​យើង​ធ្វើ​កម្មវិធី​ប្រជាជន និង​ប្រជាជន មានន័យថា ឲ្យ​ប្រជាជន​គាត់​យល់​ពី​គ្នា​ទៅវិញទៅមក ពេលនោះ​ការ​ធ្វើ​ឲ្យ​វប្បធម៌​ចុះសម្រុង​គ្នា ក្លាយទៅជា​បងប្អូន​ពិតប្រាកដ។ អញ្ចឹង កាលណា​បងប្អូន​ពិតប្រាកដ ស្រលាញ់​គ្នា​ដោយ​បេះដូង និង​បេះដូង មាន​ផល​ប្រយោជន៍​ច្រើន​»។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បញ្ជាក់​ថា ផលប្រយោជន៍​ដែល​ទទួល​បាន​ពី «​ការ​ចុះ​សម្រុង​ផ្នែក​វប្បធម៌​» រួមមាន ៖ ទី​១-ចិន គឺជា​ប្រទេស​មាន​ទីផ្សារ​ដ៏​ធំ ដូច្នេះ​នឹង​ឈាន​ទៅ​រក​ការ​បើក​ទីផ្សារ​ឲ្យ កម្ពុជា នូវ​កសិផល​មួយ​ចំនួន​ដែល​កន្លងមក​ជាប់​គាំង​។ ឧទាហរណ៍ ៖ «​ស្វាយ​យើង​នាំ​ចេញទៅ​អត់​បាន អញ្ចឹង​នៅ​ពេល​ដែល​ប្រជាជន និង​ប្រជាជន​យល់​គ្នា​មែនទែន​ទៅ យើង​រំពឹង​ថា យើង​អាច​នាំចេញ​កសិផល​យើង ជួយ​កសិករ​យើង​ឲ្យ​បាន​កាន់តែ​ប្រសើរ​»​។ ដូច្នេះ គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ធ្វើ ជា​គោលនយោបាយ​ប្រជាជន គឺ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា ចាប់ផ្ដើម​មាន​ទីផ្សារ​ក្នុង​ការ​ដាំដុះ​កសិផល​របស់​ខ្លួន។

ទី​២-​កម្ពុជា ក៏​អាច​នឹង​ទាក់ទាញ​នូវ​ការផ្លាស់ប្ដូរ នៃ​វិស័យ​អប់រំ ដោយ លោក​បណ្ឌិត ក៏បាន​បញ្ជាក់​ថា «​អញ្ចឹង​យើង​ដឹងថា ប្រទេស​ចិន ដែល​យើង​ឃើញ​បច្ចុប្បន្ន​នេះ​ថា ចិន ហាក់ដូចជា​ទើបតែ​រីកចម្រើន​ក្រោយ ក៏ប៉ុន្តែ ខ្ញុំ សូមជម្រាបថា សាកលវិទ្យាល័យ​ប៉េកាំង​របស់​ចិន​ជាប់​លំដាប់ថ្នាក់​លេខ ៧ នៅ​លើ​សកលលោក និង​សាកលវិទ្យាល័យ​ឈី​ញ​ហ្វា ជា​សាកលវិទ្យាល័យ​ធំ​លេខ ២ បន្ទាប់ពី​ប៉េកាំង ក៏​ជាប់​ចំណាត់ថ្នាក់​លេខ ៩ នៅ​លើ​សកលលោក​ដែរ​។ អញ្ចឹង ចិន បាន​ពង្រឹង​វិស័យ​អប់រំ​នេះ​ខ្លាំង​»​។

លោក​ថា ដូច្នេះ​ហើយ ប្រទេស​ចិន ក៏បាន​ផ្ដល់​អាហារូបករណ៍​ដល់​កូនសិស្ស​ខ្មែរ​ឲ្យ​ទៅ​រៀន​នៅ​ទីនោះ​ដែរ មានន័យថា ការកសាង​ធនធានមនុស្ស​ប្រកបដោយ​វិជ្ជាជីវៈ វិទ្យាសាស្ត្រ​ពិតប្រាកដ គឺ កម្ពុជា អាច​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​។ ក្នុងនោះ លោក​បណ្ឌិត ក៏បាន​ជួប​និស្សិត​ខ្មែរ​រៀន​នៅ​សាកលវិទ្យាល័យ​ប៉េកាំង និង​សាកលវិទ្យាល័យ ឈី​ញ​ហ្វា ជាច្រើន ដែល​ពួកគាត់​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ ហើយ​កំពុងតែ​សិក្សា​ថ្នាក់បណ្ឌិត​នៅ​ទីនោះ​ទៀត​ផង​។ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ក៏​រំពឹង​ថា និស្សិត​ខ្មែរ ដែល​រៀន​នៅ​សាកលវិទ្យាល័យ​ធំៗ របស់​ប្រទេស​ចិន នឹង​បញ្ចប់​ការ​សិក្សា​បាន​ជោគជ័យ ហើយ​ត្រឡប់មកវិញ​ជួយ​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ការ​អភិវឌ្ឍ។

ទន្ទឹម​នោះ​ដែរ លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ ក៏បាន​លើកឡើង​បន្ថែម​ថា ចំពោះ​ផលប្រយោជន៍​ដែល កម្ពុជា រំពឹង​ទុក រវាង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន គឺ «​វិស័យ​សុខាភិបាល​»។ កន្លងមក នៅ​ប្រទេស​កម្ពុជា មិនសូវ​ចាប់អារម្មណ៍​ទៅរក​វិស័យ​សុខាភិបាល​នៅ​ប្រទេស​ចិន​ទេ ប៉ុន្តែ លោក​បណ្ឌិត បញ្ជាក់​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ តែង​យាង​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​ប៉េកាំង​។ មានន័យថា សម្ដេច ឲ្យ​តម្លៃ​ទៅ​លើ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​ប្រទេស​ចិន​ខ្លាំង​ណាស់។ ដូច្នេះ​សង្ឃឹមថា បន្ត​មក​ទៀត ការ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន អាច​ផ្ដល់​ឲ្យ​មាន​ការ​រៀន​សូត្រ ដូរ​បទពិសោធន៍ និង​ការ​គាំទ្រ​លើ​វិស័យ​សុខាភិបាល​រវាង​ប្រទេស​ទាំងពីរ ជាពិសេស កម្ពុជា ក៏​អាច​ទៅ​ធ្វើការ​ប្រឹក្សា​យោបល់​អំពី​សុខភាព​នៅ​ប្រទេស​ចិន ហើយ ចិន ក៏​អាច​នឹង​ជួយ​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា ហើយ​នឹង​ជួយ​ពង្រីក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ សង្កត់​ធ្ងន់​ថា ការ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន នឹង​ជួយ​ឲ្យ​វិស័យ​អប់រំ សុខាភិបាល ឆ្លើយតប​ជាមួយ​នឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​មូលធន​មនុស្ស​ជា​ស្នូល​នៅ​ក្នុង​ការ​អភិវឌ្ឍ​។ ទាំងនេះ​គឺជា​អ្វី​ដែល កម្ពុជា បាន​រំពឹង​ទុក ហើយ រាជរដ្ឋាភិបាល បង្កើត​ឲ្យ​ឆ្នាំ ២០២៤ ទៅជា​ឆ្នាំ នៃ​ការផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម