ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រលាញ់​១៤កុម្ភៈ​គឺជា​ការចាប់​ផ្ដើមឡើង​វិញ​នូវ​កីឡា​ទេសចរណ៍​នៅ​ក្រុង ព្រះសីហនុ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ជិះ​កង់​នៃ​ក្តី​ស្រលាញ់​១៤កុម្ភៈ​គឺជា​ការចាប់​ផ្ដើមឡើង​វិញ​នូវ​កីឡា​ទេសចរណ៍​នៅ​ក្រុង ព្រះសីហនុ​

បានផុស

នៅ

កម្មវិធី “​ជិះ​កង់​នៃ​ក្ដី​ស្រឡាញ់​” លើក​ទី​១ នៅ​ក្រុងព្រះសីហនុ ដែល​បានចាប់ផ្ដើម​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ មានការ​ចូលរួម​ពី​កីឡាករ​-​កីឡាការិនី​សរុប៣៥១​នាក់ មកពី ៥​ប្រទេស ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​បើក​កម្មវិធី​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​នេះ បាន​មានប្រសាសន៍ថា «ព្រឹត្តិ ការណ៍​ថ្ងៃនេះ ទោះបី​នៅ​តូច​តែ​វា​ពិតជា​បានបង្ហាញ​នូវ​ការចាប់ផ្តើម​សាកល្បង​ជា​បណ្តើរៗ​នូវ​ការ រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តូចៗ ដែល​គោរព​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួង សុខាភិបាល ហើយ​ដែល​អាចជា​ការចាប់ផ្តើម​នូវ​ការបង្ហាញ និង​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេស ចរណ៍​មួយ​ប្រកបដោយ​សុវត្ថិភាព និង​ការអភិវឌ្ឍ​ដ៏​ល្អ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​» ។​

លោក​បន្ដថា « កីឡាករ​ទាំងអស់ ក៏ដូចជា​ប្រជាជន​យើង​ទូទាំងប្រទេស ពិត​ជាមាន​មោទនភាព​ណាស់ចំពោះ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​របស់​ទីក្រុង​ព្រះសីហនុ​របស់​យើង ដែលជា​ទីក្រុង​ដ៏​ចំបង​មួយ​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជាដែលជា​តារា​រះ​នា​ទិសនិរតី​។

រាជរដ្ឋាភិបាល បាន​ដាក់ទុន​យ៉ាងច្រើន​ដើម្បី​អភិវឌ្ឍន៍​ទីក្រុង​នេះ ដើម្បី​បង្កើន​ការទាក់ទាញអ្នកវិនិ យោគ និង​ទេសចរ​អោយ​មកលេង​ខេត្ត​នេះ​បាន​កាន់តែច្រើន​ថែមទៀត​ដែល​រាជរដ្ឋាភិបាល បាន​កំនត់ថា ជា​ប៉ូល​សេដ្ឋកិច្ច​ពហុ​បំណង​របស់​ប្រទេសជាតិ​» ។​

ឆ្លៀតឱកាស​នោះ លោក​បណ្ឌិត ថោង ខុន ក៏បាន​រំលឹក​ដែលថា នៅ​ក្រុងព្រះសីហនុ កាលពី​មួយឆ្នាំ​មុន​នៅថ្ងៃទី​១៣​កុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក ទ្វារ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ដ៏​ធំ WESTERDAM បាន​ចូល​ចត​ដោយ​សុវត្ថិភាពដើម្បី​សង្គ្រោះ​ភ្ញៀវទេសចរ​អន្តរជាតិ ច្រើន​ជាតិ​សាសន៍ ជាង១៤០០​នាក់​។ កាយវិការ​ប្រកបដោយ​មនុស្សធម៌​របស់​សម្ដេច​តេ​ជោ ត្រូវបាន​ពិភពលោក​ដឹងគុណ និង​ផ្តល់នូវ​គុណ​តម្លៃ​ដ៏​ឧត្ដុង្គឧត្ដម​ដល់​កម្ពុជា​ថា​“​កម្ពុជា​ជា​ប្រទេស​តូច តែ​បេះដូង​ទូលាយ​” ម្សិលមិញ ប្រទេស​អូស្ត្រាលី​ក៏បាន​រំលឹក​ខួបហើយ​ក្រសួងទេស ចរណ៍​ក៏​បានចេញ​វីដេអូ​មួយ​ផ្សព្វផ្សាយ​ផងដែរ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុងនាម​ម្ចាស់ផ្ទះ បានចាត់ទុក​ព្រឹត្តិការណ៍​ជិះ​កង់​នេះ​គឺជា​ការ​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​លេង​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​ផ្លូវកាយ ផ្លូវចិត្ត ដែល​ការ​ជិះ​កង់​នេះធ្វើ​ឲ្យ​សរសៃ​សាច់ដុំ ផ្លូវដង្ហើម​មាន​ភាពរឹងមាំ និង​សុខ​ភាពល្អ ។

លោក​ថា ទោះបី​ព្រឹត្តិការណ៍​នេះមិនមែនជា​ការអភិវឌ្ឍន៍​ជំនាញ​កម្រិត​ខ្ពស់ ប៉ុន្ដែ​វា​ជាការ​បំផុស​ចលនា​កីឡា​មួយដែល​ស្របគ្នា​ជាមួយនឹង​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣នៅ​កម្ពុជា ។​

សូមបញ្ជាក់ថា វិញ្ញាសា​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» នេះ គឺមាន៣ រួមមាន​វិញ្ញាសា​អ្នកជិះ​កង់​អាជីព​ចម្ងាយ​៤០​គីឡូម៉ែត្រ វិញ្ញាសា​ប្រភេទ Fun Rideគឺជា​ការ​ជិះ​កង់​កម្សាន្ត​ឆ្នេរសមុទ្រ​ថ្មី​ចម្ងាយ​២៥​គីឡូម៉ែត្រ និង វិញ្ញាសា Family Couple Ride ជិះ​កង់​ជា​ក្រុមគ្រួសារ និង​មិត្តភ័ក្ដិ​ចម្ងាយ​១៥​គីឡូម៉ែត្រ តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​តំបន់​ឆ្នេរសមុទ្រ នៃ​ក្រុងព្រះសីហនុ ។ ចំពោះ​អ្នកចូលរួមគឺមាន​ពី​ខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ព្រមទាំង​ជនបរទេស ដូចជា​ឥណ្ឌា ចិន ថៃ ហ្វីលីពីន និង​អង់គ្លេស​ជាដើម ។​

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ដោយ NOCC និង​ក្រសួងទេសចរណ៍ សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បង្ហាញ​ពី​សក្តានុពល​ថ្មី​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ សណ្តាប់ធ្នាប់​អនាម័យ​ថ្មី​របស់​ទីក្រុង​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ នៃ​ខេត្ត​ព្រះសីហនុ ព្រម​ចូលរួម​បញ្ជ្រាប​ការ​យល់និង​ផ្លាស់ប្ដូរ​ឥរិយាបថ ក្នុង​ស្រទាប់​យុវវ័យ នៅ​ថ្ងៃ​ទិវា​នៃ​សេចក្តីស្រឡាញ់១៤​កុម្ភៈ ដែល​កន្លង​មក​យុវជន​មួយចំនួន​នៅតែ​យល់ច្រឡំ​នូវ​និយមន័យ​ពិត​នៃ​ថ្ងៃបុណ្យ​នេះ។

លោក វ៉ា​ត់ ចំរើន បាន​សង្កត់ធ្ងន់​លើ​ការចូលរួម​ស្វែងយល់​ឲ្យ​យល់ដឹង​ពី​អត្ថន័យ​ខ្លឹមសារ​ពិត​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់សំដៅលើ​ការគោរព​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ ក្រុមគ្រួសារ ​មិត្តភ័ក្ដិមិនមែនជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ព្រហ្មចារី​ដល់​គូស្នេហ៍​នោះទេ ៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services