វប្បធម៌ ជំនឿ
១ ឆ្នាំ ក្រសួងវប្បធម៌ ត្រូវការថវិកាជាង ១៨០ លានដុល្លារ អភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ក្នុង ១ ឆ្នាំ ក្រសួង ត្រូវការថវិកាប្រមាណជាង ៧៣៣ ពាន់លានរៀល ឬ ស្មើនឹងជាង ១៨០ លានដុល្លារ ដើម្បីអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៤ កាលពីថ្ងៃទី ២៥ មករា លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា យោងតាមសេចក្ដីព្រាងបឋម (Draft Zero) នៃផែនការសកម្មភាពលម្អិតឆ្នាំ ២០២៤-២០២៨ ដើម្បីអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ១ គឺមានសកម្មភាពសរុបប្រមាណចំនួន ៨០១ និងត្រូវការថវិកាប្រចាំឆ្នាំសរុបប្រមាណ ៧៣៣.២៨ ពាន់លានរៀល ស្មើនឹងប្រមាណជាង ១៨៣ លានដុល្លារ។ ក្នុងនោះសកម្មភាពសម្រាប់អនុវត្តជាមួយដៃគូមានចំនួន ១២ សកម្មភាព និងសកម្មភាពសម្រាប់ស្វែងរកថវិកាមានចំនួន ៨០ សកម្មភាព។ លោកបន្តថា សកម្មភាពដែលគ្រោងសរុបប្រមាណ ៨០១ ខាងលើនេះ នៅមិនទាន់បូកបញ្ចូលសកម្មភាពក្នុងផ្នែកសេវាគាំទ្រទូទៅនៅឡើយនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំលឹកដល់ក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ ២០២៤-២០២៨ របស់ក្រសួង ត្រូវតែឆ្លុះបញ្ចាំងនូវគ្រប់ចំណុចទាំងអស់ នៃយុទ្ធសាស្ត្របញ្ចកោណ ជាពិសេសការងារទាំងឡាយពាក់ព័ន្ធបញ្ចកោណទី ១ ទី ២ និង ទី ៤ ដែលសុទ្ធតែជាសកម្មភាពពាក់ព័ន្ធដោយផ្ទាល់នឹងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ។ រីឯបញ្ចកោណទី ៣ និងទី ៥ ក៏ត្រូវរំលេចផងដែរក្នុងផែនការសកម្មភាពរបស់ក្រសួង ឱ្យប្រទាក់ក្រឡាជាមួយស្ថាប័នជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍នានា ដោយត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពបន្ថែម។

លើសពីនេះ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ និងត្រូវធ្វើឱ្យមានលក្ខណៈស៊ីសង្វាក់គ្នារវាងទំហំផែនការសកម្មភាព និងទំហំថវិកាដែលត្រូវការ និងដែលអាចត្រូវបានអនុម័តយកមកអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ត្រូវកំណត់ឱ្យបានច្បាស់នូវសកម្មភាពអាទិភាព និងដាក់ចេញនូវតារាងពេលវេលាអនុវត្ត រួមទាំងយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីកែលម្អការអនុវត្តសកម្មភាពអាទិភាពទាំងនោះ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


