ព័ត៌មានជាតិ
លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹងផ្តល់ការគាំទ្របច្ចេកទេស ចំណេះដឹង និងជំនាញដល់ប្រទេសម៉ុងហ្គោលី លើការងារបោសសម្អាតមីន និងគាំទ្រដល់ម៉ុងហ្គោលីអនុវត្តបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា
ប្រទេសស្វីស ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយលោកជំទាវ Davaasuren Gerelmaa ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសម៉ុងហ្គោលី ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណងស្នើដល់ភាគីម៉ុងហ្គោលី ចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

ក្នុងជំនួបប្រជុំនេះ លោកបណ្ឌិត លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ុងហ្គោលី ក្នុងរយៈពេលកន្លងមក និងបានកោតសរសើរខ្ពស់ចំពោះប្រទេសម៉ុងហ្គោលីដែលបានចូលជារដ្ឋសង្កេតការណ៍ក្នុងអនុសញ្ញាអូតាវ៉ា និងបានចូលរួមគាំទ្រ និងចូលរួមសកម្មភាពនានារបស់អនុសញ្ញា។

គូសបញ្ជាក់ផងដែរថា ប្រទេសម៉ុងហ្គោលី ធ្លាប់បានប្តេជ្ញាចិត្តចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក៏ប៉ុន្តែដោយសារកត្តាមួយចំនួន ដែលក្នុងនោះរួមបញ្ចូលទាំងកង្វះថវិកាផងដែរ បានធ្វើឱ្យម៉ុងហ្គោលីមិនទាន់មានលទ្ធភាពចូលរួមជារដ្ឋភាគីបាន។ លោកបណ្ឌិត លី ធុជ បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការកៀរគរជំនួយ និងផ្តល់ជាជំនួយបច្ចេកទេស ចំណេះដឹង និងជំនាញ ដើម្បីគាំទ្រដល់ម៉ុងហ្គោលីបោសសម្អាតមីនប្រឆាំងមនុស្ស និងគាំទ្រដល់ម៉ុងហ្គោលីអនុវត្តបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។

ជាការឆ្លើយតប លោកជំទាវ Davaasuren Gerelmaa បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន និងបានសន្យាលើកសំណើរបស់កម្ពុជាបន្តទៅកាន់រដ្ឋាភិបាលម៉ុងហ្គោលីដើម្បីពិចារណា និងស្នើឱ្យមានកិច្ចពិភាក្សាបន្តរវាងកម្ពុជា និងស្ថាប័នសំខាន់ៗមួយចំនួនរបស់ប្រទេសម៉ុងហ្គោលី៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


