ព័ត៌មានជាតិ
សហភាពអឺរ៉ុប ផ្តោតលើ “ការអប់រំសម្រាប់ពណ៌បៃតង និងការងារឌីជីថល” នៅកម្ពុជា
នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចាប់ផ្តើមគម្រោង Global Gateway EU-Cambodia Education Partnerships របស់សហភាពអឺរ៉ុប ផ្តោតលើ “ការអប់រំសម្រាប់ពណ៌បៃតង និងការងារឌីជីថល” នៅវិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចេកទេស ហ៊ុនសែន ជម្ពូវ័ន្ត។ ពិធីនេះមានការចូលរួម ពីប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ លោកស្រី Ms. Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ និង លោក Mr. Igor Driesmans អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អមដំណើរដោយ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងតំណាងដៃគូអភិវឌ្ឍមកពីស្ថាប័នជាច្រើនទៀត។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះគណៈកម្មការអឺរ៉ុប និងបណ្តាប្រទេសសហភាពអឺរ៉ុប ដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងវិស័យអប់រំ ជាពិសេសគាំទ្រដល់កិច្ចអភិវឌ្ឍនៅកម្ពុជា ដែលបានលើកស្ទួយជីវភាពប្រជាពលរដ្ឋរាប់លាន នាក់ចេញពីភាពក្រីក្រ នាពេលកន្លងមក ព្រមទាំងជាដៃគូដ៏ល្អរបស់កម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា សម្រាប់ជាប្រយោជន៍ដល់កុមារ និងយុវជនកម្ពុជាគ្រប់រូប។

គម្រោងភាពជាដៃគូក្នុងវិស័យអប់រំនេះ គឺជាការវិនិយោគរួមគ្នា ដើម្បីផលិតបាននូវ អ្នកបច្ចេកទេសចាប់ពីកម្រិតមធ្យមដល់កម្រិតខ្ពស់ សម្រាប់បំពេញនូវតម្រូវការផ្នែកធនធានមនុស្សនៅកម្ពុជា ជាពិសេសស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ក្នុងគោលដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។ គម្រោងនេះផ្តោតលើចំណុចសំខាន់ៗ មួយចំនួន រួមមាន៖ ១. ការគាំទ្រដល់មជ្ឈមណ្ឌលឧត្តមភាព ២. ការពង្រឹងសមត្ថភាពនៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស លើផ្នែកកែច្នៃចំណីអាហារ នេសាទ អគ្គិសនី អេឡិចត្រូនិក មេកានិច និងវិទ្យាសាស្ត្រកុំព្យូទ័រ ៣. ការផ្លាស់ប្តូរធនធានមនុស្សទៅវិញទៅមក ៤. អាហារូបករណ៍ទៅបង្រៀន និងរៀននៅអឺរ៉ុប ៥. កំណែទម្រង់គោលនយោបាយ ៦. ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ ៧. ការចូលរួមរបស់ផ្នែកឯកជន។

ថ្លែងក្នុងឱកាសនេះដែរ លោកស្រី ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានកោតសសើរចំពោះវឌ្ឍនភាពលើគ្រប់វិស័យរបស់កម្ពុជា ពិសេសគឺគំនិតផ្តួចផ្តើមបង្កើតគម្រោងអប់រំសម្រាប់ពណ៌បៃតង និងការងារឌីជីថលនេះឡើងសម្រាប់ជាប្រយោជន៍យូរអង្វែងដល់យុវជនកម្ពុជាគ្រប់ជំនាន់ ដែលឆ្លើយតបយ៉ាងល្អចំពោះគោលនយោបាយអភិវឌ្ឍធនធានមនុស្សឌីជីថល របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និង លោកស្រី ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ ក៏បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបានទស្សនាការតាំងពិព័រណ៍ស្នាដៃ សិស្សផ្នែកអប់រំបច្ចេកទេស និងបានចែករំលែក ពីសារៈសំខាន់ នៃការសិក្សា មុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងការផ្សារភ្ជាប់ការអប់រំជាមួយ នឹងការអនុវត្ត តាមរយៈការសិក្សាផ្អែកលើការងារផងដែរ។

គួរបញ្ជាក់ថា លោកស្រី Ms. Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ បានអញ្ជើញទស្សនកិច្ចនៅកម្ពុជា ជាលើកទី១ ដោយបានជ្រើសរើសកម្ពុជាជាប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការធ្វើទស្សនកិច្ច ដែលនេះសបញ្ជាក់ពីឆន្ទៈក្នុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងភាពជាដៃគូអភិវឌ្ឍរវាងសហភាពអឺរ៉ុប និងកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ