Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលប្រកាសរកឃើញជំងឺអុតស្វា២ករណីបន្ថែមទៀតក្នុងរយៈពេល១ខែចុងក្រោយនេះ

បានផុស

នៅ

ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីជំងឺអុតស្វា ឬជំងឺអឹមផកចំនួន២ករណីបន្ថែមទៀតក្នុងរយៈពេល១ខែចុងក្រោយនេះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានករណីជំងឺនេះកើនឡើងដល់១៤ករណី ជាបុរសទាំងអស់ អាយុចន្លោះពី ២០ឆ្នាំ ទៅ៣៩ឆ្នាំ ចាប់តាំងពីបានរកឃើញករណីដំបូងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ហើយអ្នកជំងឺភាគច្រើនស្នាក់នៅប្រកបរបរ ផ្សេងៗនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពជំងឺអឹមផក(Mpox)(ឈ្មោះដើម ជំងឺអុតស្វា) បានឱ្យដឹងថា បច្ចុប្បន្នមានអ្នកជំងឺអឹមផក ចំនួន ២រូបកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងសុខាភិបាលសូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដើម្បីបង្ការនូវការរីករាលដាលជំងឺ អឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុដោយចូលរួមស្វែងយល់នូវរបៀបចម្លង និងត្រូវអនុវត្តនូវវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ព្រោះថា វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់ និងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុសរួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាបានកែវទឹក។ល។ និងឆ្លងពីម្តាយទៅកូនតាមរយៈទងសុកក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផក។

ដើម្បីការពារជំងឺនេះក្រសួងសុខាភិបាលសូមណែនាំឱ្យអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។ ចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក ឬប៉ះពាល់ជាមួយសម្លៀកបំពាក់កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬ ចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលអ្នកមានជំងឺអឹមផកប្រើប្រាស់និងប៉ះពាល់ជាមួយតំណក់ទឹកចេញ ពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។​ អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬដែល លាងដៃឬអាល់កុលលាងដៃ។

ក្រសួងបានបញ្ជាក់ថា បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអឹមផកត្រូវតែដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។

គួរបញ្ជាក់ថា បុគ្គលមានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខបាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាលឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបាន ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអឹមផក ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអឹមផក ត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះឬធ្វើតេស្តរកជំងឺអឹមផក ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ
និងពិគ្រោះយោបល់ឬទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម