ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអាចហក់ឡើងលើស ១០០ ដុល្លារជាថ្មី ក្រោយក្រុមហ៊ូធីប្រកាសបិទខ្ទប់ផ្លូវទឹកអារ៉ាប៊ីសាអ៊ូឌីត
ការប្រកាសរបស់ក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន អំពីការបិទផ្លូវនាវាចរណ៍របស់អារ៉ាប៊ីសាអ៊ូឌីត កំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ទីផ្សារថាមពលពិភពលោក ខណៈអ្នកជំនាញព្រមានថា តម្លៃប្រេងអាចហក់ឡើងលើស ១០០ ដុល្លារ/បារ៉ែលជាថ្មី ប្រសិនបើច្រកសមុទ្រ បាប អែល ម៉ាន់ដេប (Bab el Mandeb) ត្រូវបានរាំងស្ទះពិតប្រាកដមែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមនេះនឹងដាក់បម្រាមលើការធ្វើនាវាចរណ៍របស់អារ៉ាប៊ីសាអ៊ូឌីត។ ក្រុមហ៊ូធី ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ ក៏បានគំរាមបង្កើនសកម្មភាពវាយប្រហារតាមសមុទ្រផងដែរ ដែលនោះកំពុងបង្ហាញពីការរីករាលដាលនៃជម្លោះអាមេរិក-អ៊ីរ៉ង់។
ផ្លូវទឹក បាប អែល ម៉ាន់ដេប គឺជាច្រកសមុទ្រសំខាន់មួយ ដែលតភ្ជាប់សមុទ្រក្រហមទៅឈូងសមុទ្រ អេដិន ហើយជាផ្លូវដឹកជញ្ជូនប្រេង និងឥន្ធនៈដ៏សំខាន់ពីមជ្ឈិមបូព៌ាទៅកាន់អឺរ៉ុប និងអាស៊ី។ ប្រសិនបើផ្លូវនេះត្រូវបិទ នឹងប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីត ជាពិសេសប្រេងដែលដឹកចេញពីកំពង់ផែ Yanbu នៅឆ្នេរសមុទ្រក្រហម។
លោក Richard Bronze មកពីក្រុមហ៊ុនប្រឹក្សា Energy Aspects បាននិយាយថា ទីផ្សារប្រេងកំពុងតាមដានស្ថានការណ៍ចុងក្រោយយ៉ាងជិតស្និទ្ធ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងរួចហើយ ដោយសារការផ្ទុះឡើងជាថ្មីនៃជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលប៉ះពាល់ដល់លំហូរប្រេងកាត់តាមច្រកសមុទ្រហ័រមូហ្ស។
លោកបញ្ជាក់ថា ប្រសិនបើក្រុមហ៊ូធីអាចរាំងស្ទះការធ្វើនាវាចរណ៍នៅច្រក បាប អែល ម៉ាន់ដេប បានជោគជ័យ នោះវានឹងក្លាយជាកត្តាដ៏ធំមួយដែលជំរុញឱ្យតម្លៃប្រេងកើនឡើងបន្ថែមទៀត។
បច្ចុប្បន្ន តម្លៃប្រេងពិភពលោកកំពុងជួញដូរក្នុងរង្វង់ ៩០ ដុល្លារ/បារ៉ែល ប៉ុន្តែអ្នកវិភាគជាច្រើនបានព្យាករថា ប្រសិនបើការដឹកជញ្ជូនប្រេងរងការរំខានខ្លាំង តម្លៃអាចកើនឡើងវិញដល់ចន្លោះ ១១៥-១២០ ដុល្លារ/បារ៉ែល។
មុនអាមេរិក និងអ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងសន្ដិភាពបណ្ដោះអាសន្ននៅខែមិថុនា តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់ដល់ទៅ ១២៦ ដុល្លារ/បារ៉ែល នៅពេលជម្លោះដែលផ្ទុះឡើងនៅចុងខែកុម្ភៈ មានភាពតានតឹងខ្លាំង។

តាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Kpler អារ៉ាប៊ីសាអ៊ូឌីតបាននាំចេញប្រេងឆៅ និងផលិតផលប្រេងជាមធ្យមជាង ៤,៥ លានបារ៉ែល/ថ្ងៃ ពីកំពង់ផែ Yanbu ចាប់តាំងពីខែមេសា ហើយប្រហែល ៧០% នៃបរិមាណនេះ ត្រូវបាននាំទៅកាន់ទីផ្សារអាស៊ី។
អ្នកវិភាគ Matt Smith មកពី Kpler បានព្រមានថា ប្រសិនបើនាវាមិនអាចឆ្លងកាត់ច្រក បាប អែល ម៉ាន់ដេប បាន នោះនាវាដឹកប្រេងនឹងត្រូវបង្ខំឱ្យប្តូរផ្លូវវាងជុំវិញជ្រោយ Cape of Good Hope របស់អាហ្វ្រិក ដែលអាចពន្យារពេលដឹកជញ្ជូនរហូតដល់ប្រហែលមួយខែ និងបង្កើនថ្លៃដឹកជញ្ជូនយ៉ាងខ្លាំង។
លោក Richard Bronze ក៏បានប៉ាន់ប្រមាណថា ប្រេងឆៅជាង ៣ លានបារ៉ែល/ថ្ងៃ ដែលអារ៉ាប៊ីសាអ៊ូឌីតដឹកតាមសមុទ្រក្រហមទៅកាន់អាស៊ី អាចនឹងត្រូវបង្ខំឱ្យប្រើផ្លូវវែងជាងមុន ដែលនឹងបង្កសម្ពាធដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេងពិភពលោក។
អ្នកជំនាញផ្សេងទៀត ក៏បានព្រមានដែរថា ផលប៉ះពាល់នឹងមិនកើតឡើងតែចំពោះទីផ្សារប្រេងប៉ុណ្ណោះទេ។ តម្លៃប្រេងម៉ាស៊ូត ប្រេងយន្តហោះ ថ្លៃដឹកជញ្ជូន និងថ្លៃធានារ៉ាប់រងនាវា ក៏អាចកើនឡើងផងដែរ ដោយសារនាវាត្រូវចំណាយពេលធ្វើដំណើរយូរជាងមុន។
ប្រសិនបើការរំខាននៅច្រក បាប អែល ម៉ាន់ដេប អូសបន្លាយរយៈពេលវែង អ្នកវិភាគព្រមានថា វាអាចបង្កឱ្យអតិផរណាកើនឡើង បង្កសម្ពាធលើសេដ្ឋកិច្ចពិភពលោក និងអាចនាំឱ្យមានហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


