Connect with us

កីឡា

វិលត្រឡប់​ពី​ចូលនិវត្តន៍ដោយសុខភាព​មិន​សូវ​រឹង​មាំ​ សួន ចាន់ណារ៉ូ តស៊ូ​រហូត​ឈ្នះ​ពាន​អន្តរជាតិជាថ្មី

បានផុស

នៅ

ដៃ​ប៉ះសេចាស់​វស្សា​ សួន ចាន់ណារ៉ូ បាន​ឈ្នះ​ពាន​កីឡាករ​លើក​បាល់ល្អ​បំផុត បន្ទាប់​ពី​បាន​ជួយ​ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​ជើង​ឯក​ SEA Volleyball Cup ឆ្នាំ ២០២៦ តាម​រយៈ​ជ័យជម្នះ ៣-១ លើ​ឥណ្ឌូណេស៊ី នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

កីឡាករ សួន ចាន់ណារ៉ូ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អ្នកមាន​នៅ​ចាំ​ទេ សួន ចាន់ណារ៉ូ ​បាន​​​ប្រកាស​​​ចូល​និវត្តន៍​កាល​ពី​ថ្ងៃ​ទី​​២១ ខែ​តុលា ឆ្នាំ​២០២៤ បន្ទាប់​ពី​​ចាប់​អាជីព​កីឡា​បាល់ទះ​អស់​រយៈ​ពេល​១៥​ឆ្នាំដោយ​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​ដល់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​ក្លិប​។

សួន ចាន់ណារ៉ូ ​ បាន​ចាប់​ផ្តើម​លេង​បាល់ទះ​តាំង​ពី​ក្មេង​​​ជា​មួយ​នឹង​អំណោយ​ផល​​កាយ​សម្បទា​ល្អ​គឺ​កម្ពស់​១.​៩០​ម៉ែត្រ។ ឆ្លង​កាត់​ការ​លេង​បាល់ទះ​ក្នុង​វ័យ​ក្មេង​ជា​ច្រើន​ឆ្នាំ​តាំង​ពីក្រុម​បាល់ទះ​បឋមសិក្សា​ រហូត​ដល់​​ក្រុម​​វិទ្យាល័យ រូប​គេ​បាន​ចាប់​ផ្តើម​ចូល​ក្លិប​អាជីព​ដំបូង​គឺកងពល​ធំ​អន្តរាគមន៍​លេខ​៣ នៅ​ឆ្នាំ​២០១២ មុន​ពេល​​ផ្លាស់​ទៅ​ក្រុម​​បាល់ទះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រៃវែង​ ក្នុង​ឆ្នាំ​២០១៧​ ដែល​ក្រោយ​មក​ប្តូរ​ឈ្មោះ​ ​ ក្លិប​បាល់ទះ​វិសាខា ។

កីឡាករ សួន ចាន់ណារ៉ូ

ឆ្នាំ​២០១៧ សួន ចាន់ណារ៉ូ ជួយ​ឲ្យ​ក្លិប​វិសាខាឈ្នះ​​មេដាយ​មាស ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ, ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​ស្រាបៀរ​កម្ពុជា​ និង​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​ស្រាបៀរលីអូ។ ឆ្នាំ​២០២២ រូប​គេ​បាន​​ជួយ​ក្លិប​វិសាខាឈ្នះ​ជើង​ឯក​ពាន​រង្វាន់ Ganzberg Special Volleyball League ​​ជា​ប្រភេទវិញ្ញាសា​លេង​៤​នាក់ទល់​នឹង​៤​នាក់។ នៅ​ឆ្នាំ​ដដែល​នោះ រូប​គេ​ បាន​​ជួយ​ក្លិប​បាន​ឈ្នះ​ជើង​ឯក​​ពាន​រង្វាន់ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន។

​ឆ្នាំ​២០២៣ សួន ចាន់ណារ៉ូ បាន​ជួយ​ក្លិបវិសាខាឈ្នះ​ពាន​រង្វាន់ Wurkz Special Volleyball ជា​ការ​លេង​៤​នាក់​ទល់​នឹង​៤​នាក់ ព្រម​ទាំង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​២ ​ពាន​រង្វាន់​ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស សុខា និង​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​ ៤ ​ពាន​រង្វាន់ Johor Bahru Mayors Cup នៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រុម​កម្ពុជា ឈ្នះ​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣

​ឆ្នាំ​២០២៤ គឺ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​សម្រាប់ សួន ចាន់ណារ៉ូ លេង​ឲ្យ​ក្លិប​វិសាខា។ រូប​គេ​ជា​ផ្នែក​ដ៏​សំខាន់​ជួយ​ឲ្យ​ក្លិប​ឈ្នះ​​ពាន​រង្វាន់​អន្តរជាតិ Win+ Streak Cup នៅ​តៃវ៉ាន់​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ពាន​រង្វាន់​តេជោលីគ​។

បើ​និយាយ​ពី​ជម្រើស​ជាតិ​កម្ពុជា​វិញ សួន ចាន់ណារ៉ូ បាន​ជាប់​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា តាំង​​ពី​​ឆ្នាំ​២០១៦។ រូប​គេ​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ​៤ ​លើក​ជាប់​គ្នាគឺ​ឆ្នាំ​២០១៧ ២០១៩ ២០២១ និង​២០២៣។ ក្នុង​នោះ រូប​គេ​បាន​រួម​ចំណែក​​​ជា​ច្រើន​សម្រាប់​វិស័យ​បាល់ទះ​កម្ពុជា​ ជា​ពិសេស​រូប​គេ​បាន​ជួយ​កម្ពុជា​ឈ្នះ​មេដាយ​សំរិទ្ធ​ ជា​លើក​ដំបូង ពី​​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២១ និង​ឈ្នះ​មេដាយ​ប្រាក់​ កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២៣។

ក្រុម​កម្ពុជា ឈ្នះ​ជើង​ឯក SEA V. League Challenge ឆ្នាំ ២០២៤

បន្ទាប់​មក​ រូប​គេ​បាន​ជួយ​កម្ពុជាទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​ច្រើន​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ​ពាន​រង្វាន់ Tri-Nation Cup 2023 នៅ​ប្រទេស​ម៉ាឡេស៊ី ព្រម​ទាំង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡាទ្វីប​អាស៊ី ​ឆ្នាំ​២០២៣​ នៅ​ប្រទេស​ចិន។

អ្វី​ដែល​កាន់​តែ​ពិសេស​អស្ចារ្យ​ថែម​ទៀត​នោះ សួន ចាន់ណារ៉ូ ក្នុង​នាម​ប្រធាន​ក្រុម និង​អ្នក​ប៉ះសេ បាន​ជួយ​កម្ពុជា​ឈ្នះ​ជើង​ឯកពាន​រង្វាន់​អាស៊ាន​កម្រិត​ទី​២​ SEA V. League Challenge ឆ្នាំ​២០២៤ ​និង​បាន​​ឡើង​ទៅ​កាន់ពាន​រង្វាន់​លំដាប់​ទី១​ SEA V. Cup នៅ​ឆ្នាំ​២០២៥។

ក្រុម​កម្ពុជា ឈ្នះ​ជើង​ឯក SEA V. Cup ឆ្នាំ ២០២៦

នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២៤ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​រៀបចំ​ពិធី​ចូល​និវត្តន៍​យ៉ាងឱឡារិក​​ដោយ​មាន​វត្តមាន​លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា អ្នក​ឧកញ៉ា លាង ម៉េង ជា​អ្នក​ឧបត្ថម្ភ កីឡាករ​ជា​មិត្ត​រួម​ក្រុម និង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​។ មូល​ហេតុ​ចម្បង​ដែល សួន ចាន់ណារ៉ូ បាន​សម្រេច​ចូល​និវត្តន៍​គឺ​ដោយសារ​សុខភាព​មិន​អំណោយ​ផល។ ទម្ងន់​របស់​កីឡាករ​​កាន់​តែ​ឡើង ជា​ពិសេស​ឈឺ​ចង្កេះ​​​​ពិបាក​ធ្វើ​ឲ្យ​រូប​គេ​បន្ត​ការ​លេង​កម្រិត​អាជីព។

ទោះ​បី​បាន​ប្រកាស​ចូលនិវត្តន៍​ពី​​ជម្រើស​ជាតិ សួន ចាន់ណារ៉ូ នៅ​តែ​បន្ត​លេង​ឲ្យ​ក្លិប​ក្នុង​នោះ​រូប​គេ​បាន​ចូល​រួម​ជា​មួយ ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង ក្នុង​ពាន​រង្វាន់​សម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២៤ និង​បាន​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើង​ឯកថែម​ទៀត។ រូប​គេ​ក៏​បាន​ចូល​រួម​ជា​មួយ​ក្រុម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​តេជោលីគ​ដែរ។

ក្រុម​ស្នងការ​ស្វាយរៀង ឈ្នះ​ជើង​ឯកសម្តេចក្រឡាហោម ស ខេង

ក្រោយ​គ្មាន​វត្តមាន​ដៃ​ប៉ះ​សេ សួន ចាន់ណារ៉ូ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ពិត​ជា​ជួប​ការ​លំបាក​ខ្លាំង​មែន​ទែន​ក្នុង​ការ​ចូល​រួម​ប្រកួត​ពាន SEA V. Cup ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០២៥ ដោយ​ចាញ់​ទាំង ៨ ប្រកួត​ស្ថិត​នៅ​បាតតារាង។ បញ្ហា​ប្រឈម​ធំ​បំផុត​គឺ​អ្នក​លើក​បាល់​ ដូច្នេះ​សម្រាប់​ស៊ីហ្គេម ចុង​ឆ្នាំ ២០២៥ នៅ​សៀម សហព័ន្ធ​បាល់ទះ​កម្ពុជា បាន​កោះ​ហៅ​ឲ្យ សួន ចាន់ណារ៉ូ មក​ជួយ​ជម្រើស​ជាតិ​ជា​ថ្មី បើ​ទោះ​បី​ជា​រូប​គេ​មាន​សុខភាព​មិន​សូវ​ល្អ​ប្រសើរ​តាម​កម្រិត​អ្នក​លេង​អាជីព​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ។ រូប​គេ​ក៏​បាន​សម្រេច​មក​ជួយ​ជម្រើស​ជាតិ​ជា​ថ្មី ប៉ុន្តែ​ដោយសារជម្លោះ​នៅ​ព្រំដែន កីឡា​កម្ពុជា​មិន​បាន​ចូល​រួម​ប្រកួត ​ស៊ីហ្គេម ​នៅ​សៀម​​ទេ។

កីឡាករ សួន ចាន់ណារ៉ូ

ឈាន​ចូល​ដល់ ឆ្នាំ ២០២៦​នេះ​ទើប សួន ចាន់ណារ៉ូ បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ផ្លូវ​ការ​ជា​ថ្មី​ក្នុងពាន​រង្វាន់ SEA V. Cup នៅ​ប្រទេស​ហ្វីលីពីន​។ វត្តមាន​របស់​ដៃ​ប៉ះ​សេ​រូប​នេះ​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ជួយ​ឲ្យ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​ ឥណ្ឌូណេស៊ី ដោយ​រូប​គេ​បាន​លេង ៥ សិត​ពេញ​ ​​ដើម្បី​​គ្រង​ជើង​ឯក SEA V. Cup ជើង​ទី១ ជាលើក​ដំបូង​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ។ ជា​មួយ​គ្នា​នេះ​ រូប​គេ​ក៏​បាន​ឈ្នះ​ពាន​កីឡាករ​លើក​បាល់​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ថែម​ទៀត៕

កីឡាករ សួន ចាន់ណារ៉ូ ឈ្នះ​ពាន​កីឡាករលើក​បាល់​ល្អ​បំផុត

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម