ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងជ្រើសរើសសាលាបឋមសិក្សា ៥០ នៅទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃ
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៤ មេសា នេះថា ក្រសួងអប់រំ នឹងជ្រើសរើសសាលារៀនដែលមានសក្ដានុពលប្រមាណ ៥០ នៅទូទាំងប្រទេស ដើម្បីអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃជាបន្តទៀត បន្ទាប់ពីបានសាកល្បងអនុវត្តជោគជ័យលើសាលារៀន ២០ កន្លងមក។

លោកស្រី បានបន្តថា កំណែទម្រង់កម្មវិធីសិក្សាពីការរៀនពាក់កណ្ដាលថ្ងៃទៅការរៀនពេញមួយថ្ងៃ គឺក្រសួងបង្កើនម៉ោងសិក្សាពីបួនម៉ោងទៅប្រាំមួយម៉ោងក្នុងមួយថ្ងៃ ឬ ៤០ ម៉ោង ក្នុងមួយសប្ដាហ៍។ ទោះជាយ៉ាងណា កាលបរិច្ឆេទ នៃការអនុវត្តកម្មវិធីនេះជាផ្លូវការនៅមិនទាន់បានបញ្ជាក់នៅឡើយទេ។
លោកស្រី បានបន្តទៀតថា ការសិក្សាពេញមួយថ្ងៃនេះ ត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងកម្មវិធីសិក្សាថ្មីរបស់ក្រសួងអប់រំ ដើម្បីសម្រេចគោលដៅសិស្សមានទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយការអនុវត្តកម្មវិធីសិក្សាពេញមួយថ្ងៃនេះ ក្រៅពីសិស្សចេះអាន ចេះសរសេរ និងមានចំណេះដឹងផ្នែកគណិតវិទ្យាត្រឹមត្រូវហើយ ពួកគាត់មានពេលអនុវត្តក្នុងកម្មវិធីក្រៅម៉ោងសិក្សា ដូចជាការរៀនបំប៉នបន្ថែមមុខវិជ្ជាដែលពួកគេមិនទាន់ចេះច្បាស់លាស់ និងចូលរួមក្លិបសិក្សា ដើម្បីស្វ័យសិក្សាជាមួយមិត្តភ័ក្ដិទទួលបាននូវចំណេះដឹង និងបំណិនផ្សេងៗ ដែលសុទ្ធសឹងជាបំណិន និងតម្រូវការនៅក្នុងសតវត្សទី ២១ មានដូចជា ផ្នែកបច្ចេកវិទ្យា ភាសាបរទេស សិល្បៈ កីឡា និងសកម្មភាពយុវជននានា ដែលអនុញ្ញាតឲ្យគាត់អាចចាប់ផ្ដើមរៀនការងារជាក្រុមជាមួយមិត្តរួមថ្នាក់ ក៏ដូចជាមិត្តភ័ក្ដិដទៃទៀតឆ្លងកម្រិតថ្នាក់ក្នុងសាលារបស់ខ្លួនផងដែរ។

លោកស្រី បានបន្ថែមថា លើសពីនេះទៀត ការរៀនពេញមួយថ្ងៃអាចឲ្យសិស្សចាប់ផ្ដើមហ្វឹកហាត់ពេញ ១ ថ្ងៃ ពីកម្រិតបឋមសិក្សា ដែលចំណុចនេះអាចក្លាយជាទម្លាប់មួយដល់គាត់មានគំនិតស្រលាញ់ការរៀន ស្រលាញ់សាលារៀន និងចូលរួមអភិវឌ្ឍន៍សាលា។
លោកស្រី បានបញ្ជាក់ថា ជាងនេះទៀត ការរៀនពេញមួយថ្ងៃនេះមិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់សិស្សប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតាសិស្ស និងប្រទេសជាតិទាំងមូលផងដែរ។ សម្រាប់មាតាបិតា មានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារ និងលែងព្រួយបារម្ភពីកូនៗ របស់ពួកគាត់។ ចំណែកគណៈគ្រប់គ្រងសាលារៀន ក៏ដូចជាលោកគ្រូ អ្នកគ្រូ កាន់តែស្គាល់ និងគាំទ្រសិស្សពេញលេញជាងមុន។

ក្រៅពីនេះពេលសិស្សក្លាយជាពលរដ្ឋពេញលេញ ពេលនោះប្រទេសជាតិក៏មានប្រជាជនមានសមត្ថភាព មានអត្តចរិតល្អ មានវិន័យឧស្សាហ៍ព្យាយាម និងមានសុខភាពល្អ ត្រៀមលក្ខណៈចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន។
លោកស្រី បានបន្ថែមទៀតថា ក្រសួងជឿជាក់ថា ការសិក្សារៀនពេញមួយថ្ងៃមិនមែនគ្រាន់តែធ្វើឲ្យគុណភាពសិក្សាប្រសើរជាងមុនទេ តែជឿថា សុខភាពរបស់គាត់ប្រសើរជាងមុនដែរ ដោយសារតែសាលារៀនដែលបានសាកល្បងកន្លងមកនេះ សិស្សទទួលបានការត្រួតពិនិត្យច្បាស់លាស់ អាហារូបត្ថម្ភសិស្ស ព្រោះសិស្សទទួលបានអាហារពេលព្រឹក និងថ្ងៃត្រង់ និងមានឱកាសហាត់កីឡា និងចូលរួមសកម្មភាពផ្សេងៗ ផងដែរ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣-២០២៤ របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីទី ២ មេសា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួង កំពុងពិចារណាបង្កើនម៉ោងសិក្សាជាមួយបណ្ដើរៗ ដើម្បីឈានទៅរកការសិក្សាពេញមួយថ្ងៃកម្រិតបឋមសិក្សា។ ព្រោះថា ប្រទេសនៅក្នុងតំបន់ទាំងអស់ សុទ្ធតែរៀនពេញមួយថ្ងៃ ដូច្នេះប្រសិនបើកម្ពុជារៀនតែពាក់កណ្ដាលថ្ងៃ គឺកម្ពុជាមិនអាចប្រណាំងប្រជែងជាមួយនឹងគេបានទេ ប៉ុន្តែមុននឹងដាក់ចេញកម្មវិធីសិក្សាពេញមួយថ្ងៃ ក្រសួង ត្រូវតែមានយុទ្ធសាស្ត្រសមស្របក្នុងគោលដៅដាក់អនុវត្តជាបណ្ដើរៗ នៃការរៀនពេញមួយថ្ងៃ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រសួងអប់រំ នឹងរៀបចំកែទម្រង់កម្មវិធីសិក្សាពីការរៀនពាក់កណ្ដាលថ្ងៃទៅការរៀនពេញមួយថ្ងៃ ប៉ុន្តែមុនអនុវត្តជាផ្លូវការ ក្រសួង ត្រូវការរៀបចំក្រុមធានាគុណភាពផ្ទៃក្នុង រៀបចំក្រុមបុគ្គលិកសិក្សាស្របតាមសមត្ថភាពជំនាញ និងរៀបចំកម្មវិធីសិក្សាផ្ដោតលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។ បន្ថែមលើសពីនេះ បន្ទប់រៀនត្រូវរៀបចំបំពាក់បច្ចេកវិទ្យាជាបណ្ដើរៗ និងការបង្កើនការបង្រៀនភាសាបរទេសជាដើម។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ការរៀនពេញមួយថ្ងៃមានបំណងធ្វើឲ្យសិស្សមានទំនុកចិត្តចំពោះសាលារៀនដែលមានសក្ដានុពលក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងដើម្បីបង្កើតឱកាសសិក្សាវែងឆ្ងាយ ព្រមទាំងការបង្ការសិស្សយកពេលទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ