ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ គម្រោងព្រែកជីកហ្វូណនតេជោ ឈរលើការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនវិស័យយូរអង្វែង ដោយឈរលើការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សំទុះ នៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ពីក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងប្រជាពលរដ្ឋដែលរស់នៅនាយសមុទ្រទូទាំងពិភពលោក បានកើតឡើងយ៉ាងភ្លូកទឹកភ្លូកដី តាមរយៈការបញ្ចេញមតិ ញត្តិគាំទ្រ និងចុងក្រោយតាមរយៈយុទ្ធនាការប្ដូរប្រូហ្វាល់បង្ហាញពីការគាំទ្រព្រែកជីកហ្វូណនតេជោ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ការសម្រេចចិត្តក្នុងការធ្វើព្រែកជីកហ្វូណនតេជោ គឺជាការបង្ហាញនូវភាពម្ចាស់ការរបស់កម្ពុជា ក្នុងការកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួន ដែលត្រូវបានគូសវាសដោយថ្នាក់ដឹកនាំកម្ពុជា។ នេះជាការខិតខំប្រឹងប្រែងកសាងប្រទេសជាតិ ដែលបានងើបចេញពីគំនរផេះផង់ នៃសង្គ្រាមរ៉ាំរ៉ៃ និងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ក្លាយជាកម្ពុជាក្នុងពេលបច្ចុប្បន្ន ប្រកបដោយសក្ដានុពលលើគ្រប់វិស័យ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំរបៀបវារៈ នៃការអភិវឌ្ឍរបស់ខ្លួនសម្រាប់បច្ចុប្បន្ន និងអនាគត។ ទាំងនេះបានកើតចេញពីឆន្ទៈមោះមុត ការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលជំនាន់មុន និងដែលត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។
ជាមួយនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាថ្មីម្ដងទៀត ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ឯកឧត្ដម សូមប្រកាសគាំទ្រគំនិតផ្ដួចផ្ដើម និងដំណើរការ នៃគម្រោងព្រែកជីកហ្វូណនតេជោ នេះ ដើម្បីជាឧត្ដមប្រយោជន៍ដ៏មានតម្លៃកាត់ថ្លៃពុំបានសម្រាប់ប្រទេសជាតិ។

ទន្ទឹមនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ម្ដងទៀតថា «គម្រោងព្រែកជីកហ្វូណនតេជោ នេះ គឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនវិស័យយូរអង្វែង ដោយឈរលើការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង»។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ ច្បាស់ណាស់ យើងត្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលមិនត្រឹមតែបម្រើឲ្យវិស័យដឹកជញ្ជូន និងភស្តុភារកម្មប៉ុណ្ណោះទេ តែក៏បានចែករំលែកនូវផលប្រយោជន៍សម្រាប់វិស័យកសិកម្ម ទេសចរណ៍ និងវិស័យសេដ្ឋកិច្ចពាក់ព័ន្ធផ្សេងទៀតដល់សហគមន៍ដែលរស់នៅតាមដងព្រែកជីកផងដែរ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


