Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ទូតគុយបាថ្មីនឹងខិតខំកសាងថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន​ សែន សម្ដែងក្ដីសង្ឃឹមចំពោះអាណត្តិការទូតរបស់លោកស្រីឯកអគ្គរដ្ឋទូតថ្មីប្រទេសគុយបានៅកម្ពុជា នឹងខិតខំកសាង និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ លើកឡើងបែបនេះ ក្នុងឱកាសដែលសម្ដេច បានអនុញ្ញាតឱ្យលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា​​​ (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអបអរសាទរចំពោះលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា​​​ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវក្ដីសង្ឃឹមថា​ នៅក្នុងអាណត្តិបេសកកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូត លោកស្រីនឹងខិតខំរួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីកសាង និងពង្រឹងបន្ថែមនូវទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី បានចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ ហើយលោកស្រី បានសម្ដែងក្ដីសង្ឃឹមថា​ ក្នុងឋានៈជា ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា លោកស្រីនឹងខិតខំដើម្បីពង្រឹងនូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងគុយបា ដែលជាសក្ខីភាពនៃភាពរឹងមាំរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានរាយការណ៍ជូនសម្ដេចតេជោ ថា សម្ដេចតេជោ ត្រូវបានប្រជាជនគុយបាគោរពស្រឡាញ់រាប់អាន ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពរឹងមាំ ដោយបានជួយគ្នាក្នុងការអភិវឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសទាំងពីរកាន់តែជិតស្និទ្ធគ្នាបន្ថែមទៀត។​

ដោយកាលពីឆ្នាំ២០២២ នៅក្នុងពេលដំណើរទស្សនកិច្ចផ្លូវការចុងក្រោយរបស់សម្ដេចតេជោ ក្នុងនាមជានាយករដ្ឋមន្ត្រីនៅទីក្រុងហាឡាវ៉ាន ភាគីទាំងពីរ​ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងមួយចំនួន ដូច្នេះលោកស្រីឯកអគ្គរដ្ឋទូត បញ្ជាក់ថា នឹងខិតខំប្រឹងប្រែងតាមដាន និងអនុវត្តនូវកិច្ចព្រមព្រៀង និងអនុស្សរណៈទាំងនោះប្រកបដោយផ្លែផ្កា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម