ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា លើកឡើងថា កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ចូលរួមផ្សព្វផ្សាយវប្បធ៌ម ទេសចរ និងវិនិយោគចិន-កម្ពុជា
កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហការរវាងប្រទេសកម្ពុជានិងប្រទេសចិនផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ និងរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសចិនឱ្យកាន់តែស្អិតរមួតថែមទៀត ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ តំណាងសមាគមអ្នកសារព័ត៌មាន អ្នកសារព័ត៌មាន និងទីភ្នាក់ងារទេសចរណ៍ព្រមទាំងក្រុមហ៊ុនវិនិយោគជាច្រើនទៀត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា កម្មវិធី «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងផ្តល់ឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នា យល់ដឹងអំពីភាពស្រស់ស្អាតនៃតំបន់បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា និងនៅខេត្តយូណាន និងស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងវប្បធម៌ដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍។
ក្នុងនាមក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរចំពោះការប្រារព្ធកម្មវិធីដ៏មានសារៈសំខាន់ក្នុងក្របខណ្ឌឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន «កម្ពុជា-ចិន» ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជានិងចិនបានកំណត់ឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែសកម្ម និងរស់រវើកជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសចិន និងកម្ពុជា ជាមិត្តជិតខាងនិងជាដៃគូដ៏ល្អ ដែលមានទំនាក់ទំនងមេត្រីភាពជាប្រពៃណីតាំងពីសម័យបុរាណកាលពោល និងបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃប្រទេសយើងទាំងពីរ។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។ ហើយថា កម្មវិធី«ដើរកម្សាន្តនៅយូណាន ទៅទស្សនាអង្គរ» ត្រូវបានរៀបចំឡើងដើម្បីការពង្រឹងការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ និងរស់រវើកក្នុងយុគសម័យថ្មី។
លោក នេត្រ ភក្ត្រា បានបន្ថែមថា កម្ពុជាជាប្រទេសដែលមានអរិយធម៌ដ៏ចំណាស់នៅតំបន់អាស៊ីអាគ្នេយ៍ និងសម្បូណ៌ដោយសម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទម្លាប់។ ប្រាង្គប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌដែលធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកមានមោទនភាពជាខ្លាំង។ ប្រាសាទអង្គរវត្តត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយជោគជ័យនៅឆ្នាំ ១៩៩២។

រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការការពារនិងអភិរក្សតំបន់រមណីយដ្ឋានអង្គរ និងបានប្រែក្លាយតំបន់បុរាណដ្ឋានមួយនេះ ជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ដោយបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីមកទស្សនាកម្សាន្ត។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ នៅឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាបានទទួលភ្ញៀវទេសចរចំនួន ៥,៤៥លាននាក់ក្នុងនោះទេសចរជនជាតិចិនមានចំនួន ៥៥ ម៉ឺននាក់ ហើយនៅ ៣ ខែដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ១,៥៨លាននាក់ ក្នុងនោះទេសចរជនជាតិចិនមានចំនួន ១៩ ម៉ឺននាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការរៀបចំយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍នានារវាងកម្ពុជា-ចិន នឹងធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែខ្លាំងឱ្យដើរកម្សាន្ត ហើយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជូនសារអំពីកញ្ចប់ទេសចរណ៍ សក្តានុពលទេសចរណ៍ផ្សេងៗដល់សាធារណជន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងខ្ញុំមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ»។

លោកស្រី ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកម្ពុជាក្នុងនាមជាមិត្តដែកថែប។
លោកស្រីជឿជាក់ថា កម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» នឹងធ្វើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរកាន់តែមានការរីកចម្រើន។ ក្នុងពិធីបើកសម្ពោធនេះដែរ ប្រទេសកម្ពុជានិងចិនបានបង្ហាញពីសក្តានុពលទេសចរណ៍របស់ខ្លួន និងមានការសម្តែងសិល្បៈផងដែរ៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


