ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ថ្កោលទោសដាច់ខាតទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃ ចំពោះករណីឧកញ៉ាបាញ់សម្លាប់មនុស្ស២នាក់នៅបុរីប៉េងហួត
ភ្នំពេញ ៖ ក្រោយពីមានករណីឧកញ៉ា ស្រី ស៊ីណា បាញ់មនុស្ស២នាក់ស្លាប់នៅបុរីប៉េងហួតបឹងស្នោ នោះឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារសពដ៏ក្រៀមក្រំ និងបានថ្កោលទោសដាច់ខាតចំពោះទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃ។

ក្នុងសំណេររបស់ឯកឧត្ដម បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំមានក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពរបស់ប្អូនទាំងពីរ”។

ឯកឧត្ដម បានសរសេរបន្ថែមថា “ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ”។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏សូមសូមកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើសដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។ ឯកឧត្ដមបានបន្តទៀតថា ”យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។

ជាចុងក្រោយ ឯកឧត្ដមសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច បុរីប៉េងហួតបឹងស្នោ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យ ជនរងគ្រោះចំនួន ០៤ នាក់រួមមាន ជនរងគ្រោះទី១/ឈ្មោះ ឡុង វិសុង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះទី២/ឈ្មោះ ឃីម កញ្ចនា ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះទី៣/ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ រងរបួសស្រាល និងជនរងគ្រោះទី៤ឈ្មោះ ហុង រិទ្ធារក្ស័ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រងរបួសស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលមានគោរមងារជា ឧកញ៉ាត្រូវកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយរត់គេចខ្លួនបានប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចឃាត់បានវេលាម៉ោងប្រមាណ៥ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


