ព័ត៌មានជាតិ
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ច្រានចោលការផ្សាយថា កម្ពុជាមានបទល្មើសច្រើនជាងគេនៅអាស៊ាន
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមកច្រានចោលការផ្សាយថា កម្ពុជាជាប់ចំណាត់ថ្នាក់លើគេដែលមានបទល្មើសកើតមានច្រើននៅក្នុងប្រទេស ក្នុងចំណោមប្រទេសតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)។ អ្នកនាំពាក្យរងរូបនេះ ចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះបង្កប់នូវរបៀបវារៈនយោបាយ ធ្វើឱ្យប៉ះពាល់កិត្តិយស និងផលប្រយោជន៍កម្ពុជា។

ការច្រានចោលរបស់មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃពេលនេះ ក្រោយសង្កេតឃើញថា មានការផ្សព្វផ្សាយបែបអវិជ្ជមានពីប្រព័ន្ធផ្សព្វផ្សាយបរទេស និងបណ្ដាញទំនាក់ទំនងសង្គមបរទេសមួយចំនួន ដែលបានផ្សាយចោទប្រកាន់ថា កម្ពុជា ជាប្រទេសមួយឈរនៅលំដាប់ថ្នាក់លើប្រទេសចំនួន ៨ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) មានបទល្មើសច្រើនជាងគេ។ ការផ្សាយដូច្នេះ ត្រូវបានក្រុមប្រឆាំងមួយចំនួន យកមកផ្សាយបន្ត និងបញ្ចេញទស្សនៈជាន់ពន្លិចកម្ពុជាបន្ថែមទៀតផង។
ប្រតិកម្មតបនឹងការផ្សាយចោទប្រកាន់ខាងលើ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញសេចក្ដីថ្លែងការណ៍ផ្ទាល់ កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ស្ដីពី «ការពិត» នៃសភាពការណ៍សន្តិសុខនៅកម្ពុជា ដែលផ្ទុយស្រឡះពីរបាយការណ៍បង្ក្រប់របៀបវារៈ«អគតិ»ដដែលៗរបស់ក្រុមជនបរទេសមួយចំនួន។

លោក ទូច សុខៈ បានចាត់ទុករបាយការណ៍វាយតម្លៃ ហើយចាត់ចំណាត់ថ្នាក់ឱ្យកម្ពុជាដូច្នេះ បានធ្វើឱ្យមានការភាន់ច្រឡំ ក្នុងចរិតនយោបាយ និងជាចេតនាធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា ដែលប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងខិតខំកៀរគរ និងទាក់ទាញអ្នកវិនិយោគ ក៏ដូចជាអ្នកទេសចរណ៍ឱ្យមកកម្ពុជា។ លោក ថា នេះជារបៀបវារៈនយោបាយមួយក្នុងការខ្ទាស់កម្ពុជាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
លោក ទូច សុខៈ បន្តថា ការផ្សព្វផ្សាយ ឬការដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាបែបនេះ ក៏មានគោលដៅអវិជ្ជមានផ្សេងៗទៀត ដើម្បីឱ្យមានការភាន់ច្រលំលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅកម្ពុជា។ ផ្ទុយទៅវិញ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា គិតគូរលើបញ្ហាសន្តិសុខនេះ គឺជាបញ្ហាធំបំផុតក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ។ លោក បញ្ជាក់ថា បើគ្មានសន្តិសុខ បើគ្មានស្ថិរភាពនយោបាយ អ្វីៗក៏ដួលទាំងអស់ អ្វីៗក៏ត្រូវតែគាំងទាំងអស់។

ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមគោលការណ៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែដឹកនាំបញ្ជាជាប់ជាប្រចាំ ដោយប្រកាន់យកទិសដៅគ្រប់គ្រងសន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គមនេះ ជាកត្តាចម្បង តាំងដើមអាណត្តិចូលកាន់តំណែង ដោយបានដាក់ចេញការងារអាទិភាព ៦ចំណុច សុទ្ធសឹងពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ ពោល គឺបទល្មើសផ្ទៃក្នុង និងបទល្មើសមានចរិតអន្តរជាតិ។ តាមការបញ្ជាក់ឱ្យពីលោក ទូច សុខៈ មាន ក្រសួងមហាផ្ទៃ បាននិងកំពុងយកចិត្តទុកដាក់បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌនានា ដូចជា ការគ្រប់គ្រងសកម្មភាពក្មេងទំនើង ចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ព្រមទាំងបញ្ហានានាតាមបន្ទាត់ព្រំដែន ដែលបានអនុវត្តជាបន្តបន្ទាប់ មកដល់ពេលនេះ និងបន្តទៅមុខទៀត។

ចោទជាសំណួរថា តើកម្ពុជា បណ្ដោយឱ្យមានបទល្មើសកើតឡើងយ៉ាងអណាធិបតេយ្យ ឬយ៉ាងណានោះ? ត្រូវបានអ្នកនាំពាក្យរងរូបនេះ បញ្ជាក់ថា ក្នុងរយៈពេល៦ ឆ្នាំ២០២៤នេះ កម្លាំងមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រមាណ ១ ៦០០ជាងករណី ស្មើប្រមាណ ៩៦ភាគរយ ប្រកបដោយប្រសិទ្ធភាព ព្រមវិធានការជាច្រើនទៀត ដែលសម្រេចបាននាកន្លងមក។
ក្នុងន័យនេះ លោក បញ្ជាក់ថា «បទល្មើស នៅប្រទេសណាក៏មានដែរទូទាំងពិភពលោក មិនមែនមានតែនៅកម្ពុជានោះទេ គ្រាន់តែតិច ឬច្រើន គ្រប់គ្រងបាន ឬក៏មិនបាន ធ្ងន់ធ្ងរ ឬក៏ស្រាល ជាដើម។ លោក បានផ្ដាំទៅដែលចាត់ចំណាត់ថ្នាក់ឱ្យកម្ពុជា ថា កុំឆ្លៀតឱកាសក្នុងការលាបពណ៌ប្រទេសគេ ដើម្បីផលប្រយោជន៍ខ្លួនឯងឱ្យសោះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ