Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងធ្វើឲ្យស្រុក ក្រុង ចំនួន៣ នៅខេត្តកំពង់ធំរងផលប៉ះពាល់

បានផុស

នៅ

ជំនន់ទឹកភ្លៀងដំបូងធ្វើឲ្យផ្នែកខ្លះនៃស្រុកចំនួន២ និងក្រុងស្ទឹងសែន រងផលប៉ះពាល់ដំណាំស្រូវប្រមាណជាង ៣០០ ហិកតា និងខូចខាតជិត១០០ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងនៅស្រុកកំពង់ស្វាយ។

ក្នុងឱកាសនោះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ធ្វើរបាយការណ៍ដោយបញ្ជាក់ថា ជំនន់ទឹកភ្លៀងដំបូងនេះ បានធ្វើឲ្យរងផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន លើស្រុក ក្រុង ចំនួន៣ គឺស្រុកកំពង់ស្វាយ ចំនួន៣ឃុំ គឺឃុំក្តីដូង ឃុំកំពង់គោ និងឃុំព្រៃគុយ, ស្រុកប្រាទសំបូរ ចំនួន១ឃុំ (ឃុំឈូក), និងក្រុងស្ទឹងសែន នៅសង្កាត់ដំរីជាន់ខ្លា និងសង្កាត់អូរគន្ធរ ដែលរងផលប៉ះពាល់ស្រូវស្រាល (ស្រូវប្រាំង) សរុប ៣៣៦ ហិកតា និងខូចខាតប្រមាណ៨៨ហិកតា ស្មើរ៥៦គ្រួសារ។ ទន្ទឹមនោះក៏នៅមានផ្ទៃដីប្រឈមសរុប៧៨៨ ហិកតា បន្ថែមទៀត ដែលអាចនឹងរងផលប៉ះពាល់ ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង។ លោកបន្ថែមថា ផ្ទៃដីដែលខូចខាតភាគច្រើន ជាដំណាំស្រូវ ជិតប្រមូល។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជម្រាបជូនប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់លើសុខសុវត្ថិភាពផ្ទាល់ខ្លួន និងណែនាំឱ្យអាជ្ញាធរបន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ត្រៀមលក្ខណៈគ្រប់ផ្នែកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីដែលគ្រោះមហនត្តរាយណាមួយកើតឡើងនៅមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនេះ ផ្នែកសុខាភិបាលក៏ត្រូវត្រៀមខ្លួន ត្រៀមថ្នាំសង្កូវ ដើម្បីចុះដល់ទីទួលសុវត្ថិភាព ក្នុងរណីដែលមានមូលដ្ឋានស្រុកណាមួយជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈទៅកាន់ទីទួល។

ចំពោះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលទទួលរងការលិចដំណាំ ស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋក្នុងការដាំដុះស្តារឡើងវិញនៅពេលទឹកស្រក៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម