Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ពី​សកម្មភាព​ទូង​ស្គរ អបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ

បានផុស

នៅ

ដើម្បី​ឱ្យ​ពិធី​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ​ដំណើរការ​ទៅ​ដោយ​រលូន មាន​ភាព​គគ្រឹកគគ្រេង ធានា​បាន ទាំង​សន្តិសុខ សុវត្ថិភាព​នៅ​រាត្រី​ថ្ងៃ​ទី​៥ ​សីហា​ ឆ្នាំ​២០២៤​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ ជាថ្មី​ម្តង​ទៀត ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​ដែល​បាន​រៀប​តាម​ផែន​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ចប្រជុំ​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​៣១​ កក្កដា​ ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​ចំណុះ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

តាម​គម្រោង​ដែល​បាន​រៀប​ចំ នៅ​ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ​នេះ ពោល​គឺ​នៅ​រាត្រី​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០២៤ មាន​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៅ​កោះ​ពេជ្រ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​ការ​ប្រគំ​តន្ត្រី​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់ មានការ​រៀបចំ​បាញ់​កាំជ្រួច​នៅ​ទន្លេ​៤​មុខ​ចំនួន​២​លើក​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ​នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​៥​សីហា​ ឆ្នាំ​២០២៤ ​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងអំឡុងពេល​នៃ​ការ​បើក​ការដ្ឋាន​នេះ​នៅពេល​ព្រឹក គ្រប់​ខណ្ឌ គ្រប់​មន្ទីរ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​រៀបចំ​អបអរសាទរ ពិធី​បើកការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ​នេះ នៅ​តាម​អង្គភាព​របស់​ខ្លួន​ឱ្យ​បាន​សមស្រប ទាំង​ការ​ដាក់​ទង់ជាតិ ទង់សាសនា និង​ការ​ទូង​ស្គរ ឱ្យ​មាន​ភាព គគ្រឹក​គ​គ្រែង​ក្នុង​ស្មារតី​ជាតិ​តែមួយ​។ ដោយឡែក វិហារ សាសនា នានា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក៏​មានការ​ទូង​ស្គរ បែបនេះ​ផងដែរ​។

លោក​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា សម្រាប់​ពេល​រាត្រី​ថ្ងៃ​០៥​សីហា នៅ​កោះ​ពេជ្រ យើង​មានការ​រៀបចំ​ការប្រគំ​តន្ត្រី ដែល​មាន​សិល្បករ និង​កីឡាករ ល្បីៗ​របស់​កម្ពុជា​និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ជាមួយនឹង​ការ​បាញ់​កាំជ្រួច​ចំនួន​២​លើក នៅ​ម៉ោង​៧​និង​២០​នាទី​១​លើក និង​នៅ​ម៉ោង​៩​និង​៩​នាទី​មួយលើកទៀត​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ការពារ​សន្តិសុខ សណ្តាប់​ក្នុង​ពិធី​ខាងលើនេះ​ឱ្យ​បាន​ល្អ ដោយ​ចាប់​ផ្តើម​ពិនិត្យ​អាវុធជាតិផ្ទុះ ចាប់ពីពេលនេះ​តទៅ​។​បន្ថែម​ពីនេះ ការរៀបចំ​អនាម័យ បរិស្ថាន​ក៏ត្រូវ​ធ្វើឡើង​ឱ្យ​បាន​ស្អាត​ព្រមៗ​គ្នា​ដែរ​។

លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​ក្រុម​អ្នក​ព័ត៌មាន​ចុះ​ផ្តិត​យក​រូបភាព នៃ​សកម្មភាព​ទូង​ស្គរ អបអរសាទរ​ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ ថ្ងៃ ៥ សីហា តាម​ទីតាំង​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ព្រោះ​វា​ជា​ថ្ងៃ​​ប្រវត្តិសាស្ត្រ​លើក​ទី​១​របស់​កម្ពុជា​។

គួរ​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុងការ​អភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូណន​-​តេ​ជោ​នេះ ដោយ​គ្រោង​នឹង​បើក​ការដ្ឋាន​នា​ថ្ងៃទី​០៥​សីហា​២០២៤​ខាងមុខនេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម