ព័ត៌មានជាតិ
ខួប១ឆ្នាំ៖ បណ្ឌិត យង់ ពៅ ចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្ត«ដកចោល»មន្រ្តីណាដែល«ធ្វើបាប»ប្រជាពលរដ្ឋ
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ បានបង្ហាញការគាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តវះកាត់សាច់ស្អុយ គឺសំដៅដល់ការដកចោលមន្រ្តី ឬជនណាដែលប្រព្រឹត្តខុសប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ជាតិ។ លោកលើកឡើងបែបនេះ ចំពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានធ្វើដំណើររយៈពេល១ឆ្នាំហើយគិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤នេះ។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា គ្មានប្រទេសជាតិ ឬរដ្ឋណាមួយ ដែលអាចអភិវឌ្ឍជាតិបានល្អប្រសើរដោយគ្មានការកែទម្រង់ជាបន្តបន្ទាប់តាមលំដាប់ពេលវេលានោះទេ។ ហេតុនេះ បើទោះបីជារាជរដ្ឋាភិបាលនីតិកាលទី៧ បានចេញដំណើរប្រកបដោយភាពស្វាហាប់ និងល្អយ៉ាងណាក៏ដោយ ក៏នៅមានចំណុចមួយចំនួនទៀតដែលរាជរដ្ឋាភិបាលគួរឆ្លុះបញ្ចាំងពិនិត្យមើល និងកែទម្រង់បន្ថែមទៀតផងដែរ។
នៅលើហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ង់ថា «សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែបន្តការកាត់សាច់ស្អុយចេញ ដែលវិធានការនេះ ធ្លាប់ត្រូវបានលើកឡើងនៅក្នុងនីតិកាលមុនៗមកម្ល៉េះ»។ លោកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែចាត់វិធានការចំពោះអ្នកដែលប្រព្រឹត្តសកម្មភាពអសកម្ម ប្រាសចាកពីគោលការណ៍ច្បាប់ និងរារាំងការសម្រេចបាននូវគោលដៅចម្បងៗរបស់រាជរដ្ឋាភិបាល ពោលគឺរាជរដ្ឋាភិបាលត្រូវតែហ៊ានអាកាត់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តខុសឆ្គងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ះពាល់ដល់គោលនយោបាយអភិវឌ្ឍប្រទេស និងគោលការណ៍គាំពារប្រជាពលរដ្ឋដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ជនទាំងអស់នេះ អាចជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការសាធារណៈនៅក្នុងមុខតំណែង ក៏ដូចជាធុរជនដែលមានចេតនាទុច្ចរិត ដែលធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ បំផ្លាញផលប្រយោជន៍សង្គមជាតិ រារាំងដំណើរវឌ្ឍនភាពប្រទេស ឬក៏ធ្វើឱ្យអសកម្មនូវការអនុវត្តគោលនយោបាយរបស់រដ្ឋជាដើម។ អ្នកទាំងអស់នេះ គួរតែត្រូវបានចាត់វិធានការឱ្យបានតឹងរ៉ឹង ឬកាត់ទោសទៅតាមច្បាប់ដែលមានជាធរមានរបស់ប្រទេសកម្ពុជា។ នេះបើតាមលោកបណ្ឌិត យង់ ពៅ។
សម្រាប់លោកអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែបង្កើនទំនុកចិត្តដល់សាធារណជនចំពោះមន្ត្រីមុខងារសាធាណៈ បន្តបង្ខិតសេវាសាធារណៈឱ្យទៅជិតប្រជាពលរដ្ឋ ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនដល់មហាជន។ លោកថា៖ «បច្ចុប្បន្ន មានការជជែកវែកញែកគ្នា អំពីការព្រួយបារម្ភ និងមានការលើកឡើងអំពីការរអ៊ូរទាំរបស់ប្រជាពលរដ្ឋមួយចំនួន អំពីការបាត់បង់ជំនឿចិត្តរបស់ពលរដ្ឋទៅលើមន្ត្រីមុខងារសាធារណៈដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែរកឱ្យឃើញនូវមូលហេតុដែលនាំទៅដល់ការបាត់បង់ជំនឿចិត្តនេះ ហើយដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់»។

បើតាមលោកបណ្ឌិត ការបាត់បង់ជំនឿចិត្តពីសាធារណជនលើមន្ត្រីសាធារណៈ គឺជាគ្រោះថ្នាក់ដ៏ធំមួយដែលរាជរដ្ឋាភិបាលនៅក្នុងសង្គមប្រជាធិបតេយ្យ ត្រូវតែដោះស្រាយឱ្យបាន ព្រោះនៅពេលដែលប្រជាជនបាត់បង់ទំនុកចិត្តលើមន្ត្រីមុខងារសាធារណៈ ការគាំទ្រចំពោះរាជរដ្ឋាភិបាលនឹងអាចថមថយចុះ ឬបាត់បង់ប្រជាប្រិយភាពរហូតដល់បាត់បង់ឱកាសនៅក្នុងការដឹកនាំរដ្ឋតែម្ដង។
បន្ថែមពីលើនេះ លោកបណ្ឌិត ចង់ឱ្យរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជំរុញមន្ត្រី និងសមាជិករបស់ខ្លួនអនុវត្តគោលនយោបាយដែលបានដាក់ចេញ ឱ្យដើរស្របគ្នាទៅនឹងបាវចនារបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្លាយទៅជាកោសិកាដែលប្រកបដោយថាមភាព និងមានភាពខ្លាំង ក៏ដូចជាភាពធន់ឆ្លើយតបទៅនឹងការផ្លាស់ប្ដូរជាយថាហេតុណាមួយដែលអាចកើតមានឡើង៕
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


