Connect with us

ព័ត៌មានអន្ដរជាតិ

វិធានការក្តៅ៖ អាមេរិក ដាក់ទណ្ឌកម្មបុគ្គល ៩រូប ដែលកាងឥទ្ធិពលឲ្យក្រុមហេសបូឡានៅ លីបង់

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៩រូប រួមទាំងបេក្ខជនដែលអ៊ីរ៉ង់ចាត់តាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសលីបង់ផងដែរ ក្រោមការចោទប្រកាន់ថា បានរារាំងដំណើរការសន្តិភាពនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ និងរំខានដល់ការរំសាយអាវុធរបស់ក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុអាមេរិក បានថ្លែងថា មន្ត្រីទាំងនោះបានជ្រៀតជ្រែកចូលក្នុងសភា កងទ័ព និងវិស័យសន្តិសុខរបស់លីបង់ ដើម្បីការពារឥទ្ធិពលរបស់ក្រុមហេសបូឡា ទៅលើស្ថាប័នរដ្ឋសំខាន់ៗរបស់លីបង់។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានលើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍មួយថា «ហេសបូឡា គឺជាអង្គការភេរវកម្ម ហើយត្រូវតែរំសាយអាវុធទាំងស្រុង។ ហេតុដូច្នេះ ក្រសួងហិរញ្ញវត្ថុនឹងបន្តចាត់វិធានការប្រឆាំងនឹងមន្ត្រីទាំងឡាយណា ដែលបានជ្រៀតជ្រែកចូលក្នុងរដ្ឋាភិបាលលីបង់ ហើយកំពុងបើកដៃឲ្យក្រុមហេសបូឡាធ្វើភេរវកម្ម និងយុទ្ធនាការហិង្សាដ៏អនាធិបតេយ្យប្រឆាំងនឹងប្រជាជនលីបង់ ព្រមទាំងរារាំងដល់សន្តិភាពយូរអង្វែង»។

ជាក់ស្ដែង ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មលើសមាជិកសភាមកពីក្រុមហេសបូឡារួមមាន លោក Hassan Fadlallah, លោក Ibrahim al-Moussawi, លោក Hussein al-Hajj Hassan ព្រមទាំងអតីតសមាជិកសភា និងជារដ្ឋមន្ត្រី លោក Mohammed Fneish។

ទណ្ឌកម្មនេះ ក៏រាប់បញ្ចូលទាំង លោក Mohammad Reza Sheibani បេក្ខជនឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំលីបង់ ដែលត្រូវបានភាគីលីបង់ប្រកាសចាត់ទុកជា «បុគ្គលមិនស្វាគមន៍» និងបានបញ្ជាឲ្យចាកចេញពីទីក្រុងបេរូត ព្រមទាំងមន្ត្រីសន្តិសុខនៃចលនា Amal គឺលោក Ahmad Asaad Baalbaki និងលោក Ali Ahmad Safawi ផងដែរ។

លើសពីនេះ អាមេរិកក៏បានដាក់ទណ្ឌកម្មលើប្រមុខនាយកដ្ឋានសន្តិសុខជាតិ លោកសេនីយ៍ទោ Khattar Nasser Eldin និងប្រធានសាខា Dahiyah នៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់កងទ័ព លោកវរសេនីយ៍ឯក Samir Hamadi ពីបទចែករំលែក «ព័ត៌មានសម្ងាត់សំខាន់ៗ» ទៅឲ្យក្រុមហេសបូឡា ក្នុងកំឡុងពេលមានជម្លោះដែលបានបន្តកើតមានកាលពីឆ្នាំកន្លងទៅ។

សូមជម្រាបជូនថា ហេសបូឡាបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ហើយត្រូវបានចាត់ទុកជា «ក្រុមភេរវករ» ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអូឌីតផងដែរ។ អាមេរិកបានទម្លាក់ការទទួលខុសត្រូវលើក្រុមនេះ ចំពោះការវាយប្រហារអត្តឃាតដោយគ្រាប់បែកក្នុងឆ្នាំ ១៩៨៣ ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកចំនួន ២៤១នាក់ និងបានបំផ្លាញទីបញ្ជាការដ្ឋានកងម៉ារីនអាមេរិកនៅទីក្រុងបេរូត ព្រមទាំងបន្ទាយទាហានបារាំង ដែលបណ្តាលឲ្យស្លាប់ទាហានឆត្រយោងបារាំងចំនួន ៥៨នាក់។ អាមេរិកក៏បានបន្ទោសនេះ ចំពោះការវាយប្រហារអត្តឃាតលើស្ថានទូតអាមេរិក នៅទីក្រុងបេរូត កាលពីឆ្នាំ ១៩៨៣ ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ត្រាំ ប្ដេជ្ញា​តាម​កម្ទេចស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ទោះបីទីក្រុងតេហេរ៉ង់ មិនប្រគល់ឲ្យក៏ដោយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម