Connect with us

ព័ត៌មានជាតិ

លោក កត្តា អ៊ន៖ ពលរដ្ឋដែលចង់ទៅធ្វើការនៅប្រទេសសិង្ហបុរីដោយស្របច្បាប់ ត្រូវគោរពនីតិវិធី ៦ចំណុចរបស់ក្រសួងការងារ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា ដើម្បីទៅធ្វើការងារនៅប្រទេសសិង្ហបុរីដោយស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ បេក្ខជនត្រូវអនុវត្តតាមនីតិវិធីចំនួន៦ចំណុចរបស់ក្រសួងការងារដែលបានដាក់ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា នីតិវិធីទាំង៦ មានដូចជា៖ ទី១. សម្រាប់ការចុះឈ្មោះស្វែងរកការងារធ្វើ បេក្ខជនត្រូវមានអាយុចាប់ពី ២៣ឆ្នាំ ដល់៥០ឆ្នាំ, ភេទស្រី, ត្រូវមានកម្រិតវប្បធម៌ទូទៅចាប់ពីថ្នាក់ទី៨ ឡើងទៅ, ប្រវត្តិរូបសង្ខេប, អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែ, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, រូបថត (ផ្ទៃស)។ ទី២. ការសម្ភាស និងចុះកិច្ចសន្យា បេក្ខជនត្រូវធ្វើការសម្ភាសជាមួយនិយោជកសិង្ហបុរី, ត្រូវចុះកិច្ចសន្យាសេវារកការងារឱ្យធ្វើជាមួយទីភ្នាក់ងារជ្រើសរើសឯកជន។ ទី៣. មុនពេលចេញដំណើរ បេក្ខជនត្រូវទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស, ត្រូវចុះបញ្ជិកាកិច្ចសន្យាសេវាការងារឱ្យធ្វើនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ត្រូវមានកិច្ចសន្យាការងារជាមួយនិយោជក, ត្រូវមានប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC), មានលិខិតឆ្លងដែន (Passport), មានលិខិតអនុញ្ញាតជាគោលការណ៍ (In Principal Approval), បេក្ខជននឹងត្រូវទទួលបានការណែនាំតម្រង់ទិសមុនចេញដំណើរ។ទី៤ មុនពេលបំពេញការងារ បេក្ខជនត្រូវទទួលបានការបណ្តុះបណ្តាលស្តីពីច្បាប់ទំនៀមទម្លាប់រស់នៅ លក្ខខណ្ឌការងារ និងការស្វែងរកអន្តរាគមន៍ពេលមានបញ្ហានៅក្រសួងការងារសិង្ហបុរី, ត្រូវមានបណ្ណការងារ (work permit), ធានារ៉ាប់រង, ហើយបេក្ខជនត្រូវចូលធ្វើការស្របតាមកិច្ចសន្យាការងារ។ ទី៥ អំឡុងពេលបំពេញការងារ ពលករត្រូវអនុវត្តទៅតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌការងារជាមួយនិយោជកសិង្ហបុរី ដូចបានកំណត់ក្នុងកិច្ចសន្យាការងារ។ ៦. ការធ្វើមាតុភូមិនិវត្តន៍ បេក្ខជនត្រូវទូទាត់អត្ថប្រយោជន៍ផ្សេងៗ(បើមាន), ទីភ្នាក់ងារសិង្ហបុរី ត្រូវជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានមុនពេលពលករវិលត្រឡប់មកប្រទេសកម្ពុជាវិញ, ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវរាយការណ៍អំពីការវិលត្រលប់របស់ពលករ មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនីតិវិធីទាំង៦នេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា ករណីបេក្ខជន ឬពលករមានចម្ងល់ សូមទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ 1297 ឬ 1286។

គួរបញ្ជាក់ថា ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសនេះ ពលករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់នៃប្រទេសទទួលនីមួយៗ។ ជារៀងរាល់ឆ្នាំ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកក្រុមគ្រួសារជាមធ្យមមានចំនួនសរុបប្រមាណជាង ២,៩ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ ដែលទាំងនេះមិនត្រឹមតែជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសចំនួនជាង ១,៣៦លាននាក់ (ស្រីមានចំនួនជាង ៥៥ ០០០០ នាក់) ក្នុងនោះ ប្រទេសសិង្ហបុរីមានចំនួនជាង ៤០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម