លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការចេញចូលគ្រប់ប្រភេទ សំដៅគ្រប់គ្រងសុវត្ថិភាព ក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងគ្លីនិករបស់ អ៊ឹម សុទ្ធី ដែលមានឆ្លងជំងឺកូវីដ១៩។
តាមរយៈសារជាសំឡេងតាមតេឡេក្រាម ដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា«ខ្ញុំសូមជម្រាបលោកស្នងការ លោកកងរងអាវុធហត្ថខេត្ត និងលោកស្រីអភិបាលស្រុកពាមរ។ដោយសារអ្នកលឿងនេះ ជាគោលដៅប្រតិបត្តិការ ដែលត្រូវគ្រប់គ្រង។ ខ្ញុំស្នើសុំឲ្យលោកឧត្តមសេនីយស្នងការខេត្ត មេបញ្ជាការកងរាជអាវុធខេត្តលោកស្រីអភិបាលស្រុកពាមរ ក៏ដូចជាមន្ទីរសុខាភិបាលសហការគ្នាផ្តល់កម្លាំងសមត្ថកិច្ច ដើម្បីគ្រប់គ្រងទីតាំងមួយចំនួនរក្សាការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រងសុវត្ថិភាពក្នុងនោះ គឺមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងគ្លីនិករបស់អ៊ឹមសុទ្ធី ដែលជាគោលដៅ។ សូមផ្តល់កម្លាំងបន្ថែមដល់ស្រុក»។
លោកអភិបាលរងខេត្តបានបន្តថា ដោយឡែកទីតាំងមួយចំនួនទៀត មានតម្រូវការគ្រប់គ្រងសូមឲ្យមានកិច្ចសហការ ដើម្បីគ្រប់គ្រងទីតាំងទាំងនោះប្រកបដោយសុវត្ថិភាព។ ពិសេសទីតាំងមួយចំនួន ដែលផ្តល់យោបល់ពីលោកវេជ្ជបណ្ឌិតលីសុវណ្ណរបស់ក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា«សូមផ្តល់យោបល់ទៅក្រុមឆ្លើយតបបន្ទាន់ខេត្តព្រៃវែងនិងថ្នាក់ដឹកនាំមន្ទីរ ដោយសារតែមានគ្រូពេទ្យយើងឆ្លងកូវីដ១៩ហើយ មិនដឹងថាគាត់ឆ្លងមកពីណាទេ។ អីចឹងមានឆ្លងសហគមន៍នៅអ្នកលឿងនឹងហើយ អាចកន្លងមកមានជនជាតិវៀតណាម៩នាក់ បានត្រឡប់ទៅប្រទេសវៀតណាមវិញមានវិជ្ជមានកូវីដ១៩។ អីចឹងអាចគាត់ទៅពិគ្រោះជំងឺទៅអាចប៉ះពាល់ឆ្លង។ អីចឹងទី១ អ្នកដែលបានទៅជួបគ្លីនិកឬជួបគ្រូពេទ្យចាប់ពីថ្ងៃទី២៥កុម្ភៈរហូតដល់ថ្ងៃនេះ សូមទៅធ្វើសំណាកនៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរ។ ទី២ក្នុងនាមជាបច្ចេកទេសសុំសហការជាមួយអ្នកលឿងបិទជាបណ្ដោះអាសន្ននូវកន្លែងកម្សាន្តនានាទាំងអស់ផងដែរ»៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ពិសេសអាយុចាប់ពី៦០ឆ្នាំឡើង ដើម្បីចាក់វ៉ាក់សាំង