ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»
កាលពីព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»។

កម្មវិធីព្រឹកនេះ មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រង នៃសាលាភូមិន្ទរដ្ឋបាល តំណាងសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តំណាងស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក គ្រូបង្គោល និងសិក្ខាកាម សរុបប្រមាណ ១៥០ នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ បានមានមតិស្វាគមន៍គណៈធិបតី និងអង្គសិក្ខាកាម ដោយធ្វើការរៀបរាប់ពីសាវតារ នៃកិច្ចសហប្រតិបត្តិការ ព្រមទាំងគម្រោងកន្លងមកដែលធ្លាប់បានរៀបចំក្រោមកិច្ចសហការជាមួយក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល។

បន្ទាប់មក ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរៀបរាប់ក្នុងរបាយការណ៍ថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះជូនដល់សិក្ខាកាមជាន់ខ្ពស់បានចំនួន ៥ ជំនាន់ មកហើយ ដែលជាលទ្ធផល សិក្ខាកាមចំនួន ៨៥១ នាក់ (ស្រី ១៤០ នាក់) បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យស្មើនឹង ៩៨%។ ដោយឡែកសម្រាប់«វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី ៦ នាពេលនេះ នឹងធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមជាន់ខ្ពស់ដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬ មុខតំណែងប្រហាក់ប្រហែល អភិបាលក្រុង ស្រុក នាយករដ្ឋបាល ខេត្ត ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្ដាក្រសួង-ស្ថាប័ន ចំនួន ៣០ គណៈកម្មការជាតិដឹកនាំការដ្ឋានកែទម្រង់ទាំង ៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២៥ រាជធានី-ខេត្ត ព្រមទាំងមានមន្ត្រីជាន់ខ្ពស់ នៃស្ថានទូតអូស្ត្រាលី ចំនួន ១ រូប សរុបចំនួន ១៦២ នាក់ (ស្រី ២៩ នាក់)។ ការបណ្ដុះបណ្ដាលមានរយៈពេល ៧ សប្ដាហ៍ ដោយ ៦ សប្ដាហ៍ សិក្សាតាមប្រព័ន្ធអនឡាញ និង ១ សប្ដាហ៍ សិក្សាផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល។
ក្រោយបានស្តាប់របាយការណ៍របស់វាគ្មិនទាំងពីរខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរសាលាភូមិន្ទរដ្ឋបាល និងដៃគូអភិវឌ្ឍន៍ ដែលបានវិវឌ្ឍខ្លួនជាបន្តបន្ទាប់ក្នុងបេសកកម្ម បណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមទៀត ដើម្បីឆ្លើយតបក្នុងការអភិវឌ្ឍសមត្ថភាពក្នុងពេលបច្ចុប្បន្ន និងអនាគត ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់សង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនាពេលនេះ រៀបចំឡើងដើម្បីឆ្លើយតបនឹងអាទិភាពគន្លឹះទី ១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ គឺ មនុស្ស ហើយក៏ស្របទៅនឹងការងារអាទិភាពដែលមានចែងក្នុងមុំទី ១ មុំទី ២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ សំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាព នៃភាពជាអ្នកដឹកនាំ និងការរៀបចំសម្រាប់អ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្សប្រកបដោយ សមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ ក្រមសីលធម៌ វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវខ្ពស់៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


