ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសាធារណការចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាមដងផ្លូវ
ដើម្បីចូលរួមទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានដាក់ចេញយន្តការ ៥ ចំណុច ដល់សមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ ត្រូវចូលរួមសហការឲ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការបានគូសបញ្ជាក់ថា យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក «មាត្រា២៨ និងមាត្រា៣០» និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លេ» ជាពិសេស មួយរយៈចុងក្រោយនេះតែងមានសកម្មភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណ ដោយយុវជន យុវនារី និងក្មេង បាននាំគ្នារាំលេងតាមស៊ីផ្លេរថយន្តធន់ធំ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអនាធិបតេយ្យ ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ និងអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវយន្តការអនុវត្ត និងណែនាំដល់សមាគម ដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូនទំនិញនិងអ្នកដំណើរ និងអ្នកបើកបរយានយន្តទាំងអស់ ត្រូវចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាព។

យន្តការអនុវត្តទាំង ៥ ចំណុចរួមមាន ទី១. ការប្រើប្រាស់សញ្ញាសូរសព្ទ «ស៊ីផ្លេ” ត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឲ្យដំណឹង ដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ និងដើម្បីសុំជែងនៅក្រៅទីប្រជុំជន។ ទី២. នៅពេលយប់សញ្ញាសូរសព្ទ «ស៊ីផ្លែ” ត្រូវជំនួសដោយសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់ឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ និងសុំជែង។ ទី៣. សញ្ញាសូរសព្ទ «ស៊ីផ្លែ» ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ លើកលែងតែមាន ការប្រកាសអាសន្ន និងសំឡេង «ស៊ីផ្លែ” ត្រូវកំណត់ក្នុងចន្លោះពី ៩០dB(A) ទៅ ១១៥dB(A)។ ទី៤. សញ្ញាសូរសព្ទ «ស៊ីផ្លេខ្យល់» ត្រូវហាមប្រើនៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ និងទី៥. ការបំពាក់សញ្ញាសូរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេស របស់យានជំនិះ ត្រូវហាមឃាត់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


