ព័ត៌មានជាតិ
ខែសីហា ច្រកចេញចូលតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋជាង៤៥ម៉ឺនសេវា
ពេញមួយខែសីហា ឆ្នាំ២០២៤នេះ អង្គភាព និងការិយាល័យច្រកចេញចូលតែមួយថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបដល់ទៅ ៤៥៤ ៦៧០សេវា។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមសេវាដែលបានផ្ដល់ជូនពលរដ្ឋជាង៤៥ម៉ឺនសេវានោះ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលសរុបចំនួន ៧៩ ២៨២សេវា ក្នុងនោះ សេវាផ្ដល់ជូនច្រើនជាងគេក្នុងចំណោម១៤វិស័យ គឺសេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានរហូតដល់ទៅ ១៧ ៩៣០សេវា ខណៈសេវាមានការស្នើសុំតិចជាងគេ គឺសេវាក្នុងវិស័យពាណិជ្ជកម្ម ដែលមានត្រឹមតែ២សេវា។ ដោយឡែកចំណូលដែលទទួលបានពីការផ្ដល់សេវាតាមបណ្ដាអង្គភាពច្រកចេញចូលរាជធានី ខេត្ត នេះ មានសរុបចំនួន១២ ៣៧២ ២១៦ ១៣៥រៀល ស្មើនឹងប្រមាណ៣លានដុល្លារ។

ចំណែកការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌវិញ ក្នុងខែសីហាដូចគ្នា លោក ទូច សុខៈ បានបន្តឱ្យដឹងថា បានផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៣៧៥ ៣៨៨សេវា ក្នុងនោះ សេវាការងារអត្រានុកូលដ្ឋានបានផ្ដល់ជូនច្រើនជាងគេ បើធៀបនឹងសេវាក្នុងវិស័យទាំង១៧ គឺមានរហូតដល់ទៅ ២២៨ ៥១៦សេវា ខណៈសេវាដែលមានការស្នើសុំតិចជាងគេ គឺសេវាវិស័យបរិស្ថានមានចំនួន២សេវា និងសេវាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនទទួលបានការស្នើសុំតែម្ដង។ ទន្ទឹមនឹងនេះ ក្នុងខែសីហា ការផ្ដល់សេវាសរុបតាមការិយាល័យច្រកចេញចូលតែមួយ ទទួលចំណូលចំនួន ៨៦៨ ៧១៣ ៤៦០រៀល ស្មើនឹងប្រមាណជាង២១ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា សេវាដែលអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បាននឹងកំពុងផ្ដល់ជូនប្រជាពលរដ្ឋទាំង១៤វិស័យ រួមមាន ១-ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) ២-ការងាររដ្ឋបាល ៣-វិស័យសុខាភិបាល ៤-វិស័យទេសចរណ៍ ៥-វិស័យសាធារណការ និងដឹកជញ្ជូន ៦-វិស័យវប្បធម៌ និងវិចិត្រសិល្បះ ៧-វិស័យព័ត៌មាន ៨-វិស័យបរិស្ថាន ៩-វិស័យឧស្សាហកម្ម និងសិប្បកម្ម ១០-វិស័យរ៉ែ និងថាមពល ១១-វិស័យពាណិជ្ជកម្ម ១២-វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣-វិស័យកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង១៤-វិស័យការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ។

ដោយឡែក សម្រាប់សេវាដែលការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បាននឹងកំពុងផ្តល់ជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញចំនួន១៧ រួមមាន៖ ១-វិស័យទេសចរណ៍ ២-វិស័យវប្បធម៌ ៣-វិស័យពាណិជ្ជកម្ម ៤-វិស័យសាធារណការ ៥-វិស័យឧស្សាហកម្ម ៦-វិស័យសំណង់ ៧-វិស័យកសិកម្ម ៨-វិស័យសុខាភិបាល ៩-វិស័យអប់រំ ១០-វិស័យរ៉ែនិងថាមពល ១១-វិស័យបរិស្ថាន ១២-វិស័យការងារ ១៣-វិស័យធម្មការនិងសាសនា ១៤-ការងារអត្រានុកូលដ្ឋាន ១៥-ការងារនីត្យានុកូលកម្ម ១៦-ការងាររដ្ឋបាល និងទី១៧-ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ