ព័ត៌មានជាតិ
តើរដ្ឋមន្ត្រីថ្មីនៃក្រសួងអធិការកិច្ច លោក សុខ សូកេន ជានរណា?
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជាង១ឆ្នាំនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ លោក សុខ សូកេន ត្រូវបានដូរឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលផ្លាស់ប្ដូរក្រសួងជាមួយលោក ហួត ហាក់ ដែលត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីទេសចរណ៍វិញ។ តើរដ្ឋមន្ត្រីថ្មីនៃក្រសួងអធិការកិច្ច លោក សុខ សូកេន ជានរណា?

លោក សុខ សូកេន ជាកូនប្រុសទី៣ ក្នុងចំណោមកូន៥នាក់របស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ហើយលោក ជាកូនប្រុសភ្លោះជាមួយនឹងលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សុខ សូកេន ទទួលបានការសិក្សាអប់រំ និងបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ពោលគឺលោកបានបញ្ចប់ថ្នាក់បណ្ឌិតនៅសាលាសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យប៉េកាំង ប្រទេសចិន និងសញ្ញបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈនៅសាលា លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ លោក សុខ សូកេន ក៏មានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ គឺបរិញ្ញាបត្រវិស្វកម្មស៊ីវិល និងបរិញ្ញាបត្រពាណិជ្ជកម្មពីសាកលវិទ្យាល័យ Melbourne ប្រទេសអូស្រ្តាលី ព្រមទាំងទទួលបានវិញ្ញាបនបត្រផ្នែកអភិវឌ្ឍអចនលទ្រព្យ និងវិញ្ញាបនបត្រការគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យ THOMAS សហរដ្ឋអាមេរិក។

ប្រវត្តិការងារ គឺរដ្ឋមន្ត្រីវ័យ៤១ឆ្នាំរូបនេះ បានឆ្លងកាត់ការងារជាច្រើន ទាំងនៅក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងការបរទេស និងក្រសួងទេសចរណ៍។ លោក សុខ សូកេន ចូលបម្រើការងារដំបូងនៅក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០០៨ ជាមន្ត្រីនាយកដ្ឋានជំរុញពាណិជ្ជកម្ម ជានាយកស្ដីទីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ នៅឆ្នាំ២០១០ លោក បានផ្ទេរទៅបម្រើការនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទទួលបានតួនាទីជាអាទិ៍ អនុប្រធាននាយកដ្ឋានវិភាគគម្រោង និងលើកទឹកចិត្ត (២០១០-២០១៤) និងជាអនុប្រធាននាយករដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជន (២០១៤-២០១៦)។

បន្ទាប់មក លោក ក៏មកកាន់តំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់ឆ្នាំ២០២០ ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជាថ្នាក់ដឹកនាំនៃក្រសួងការបរទេស លោក សុខ សូកេន ត្រូវទទួលបន្ទុកលើការងារជាច្រើន ដូចជា ប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង អនុប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឧត្តមមន្រ្តីស្តីទីទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គកម្ពុជានិងជាឧត្តមមន្រ្តីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម និងជាប្រធាន សសយក វិស័យការបរទេស ជាដើម។

នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, លោក សុខ សូកេន ត្រូវបានជ្រើសជាសមាសភាពរដ្ឋមន្រ្តីថ្មីមួយរូប ដោយត្រូវកាន់តំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំនួសលោក ថោង ខុន។ រយៈពេលជាង១ឆ្នាំនៃតំណែងជារដ្ឋមន្ត្រីទេសចរណ៍ លោក សុខ សូកេន ក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើរដ្ឋសភាដោះដូរឱ្យទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ក្នុងសម័យប្រជុំជាវិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សមាជិក-សមាជិការដ្ឋសភាសរុប១០៦រូប បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងលើការកែសម្រួលសមាសភាពលោក សុខ សូកេន ជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការខិតខំចូលរួមចំណែកអនុវត្តការងារក្នុងវិស័យអធិការកិច្ចជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ និងវិស័យសាធារណៈ និងឯកជនមកពីគ្រប់ភាគីទាំងអស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារ និងភាពរីកចម្រើនបន្តទៀតរបស់ក្រសួងអធិការកិច្ច សំដៅចូលរួមលើកកម្ពស់បន្ថែមទៀតទៅលើអភិបាលកិច្ចល្អ ពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងឯកជន និងទប់ស្កាត់អំពើអសកម្មនានាទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។
ម្យ៉ាងវិញទៀត គឺដើម្បីឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅសម្រេចឱ្យបានកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២១ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា