ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តក្រចេះ ត្រៀមរួចជាស្រេចដើម្បីអន្តរាគមន៍សង្គ្រោះពលរដ្ឋពេលទឹកជំនន់កើតឡើង
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ បានត្រៀមរួចជាស្រេចក្នុងការអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ឲ្យទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងនាមមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ ដែលជាសេនាធិការឲ្យលោកអភិបាលខេត្ត និងរដ្ឋបាលខេត្ត ដោយមានការចង្អុលបង្ហាញណែនាំរបស់លោក វ៉ា ថន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅក្នុងការត្រៀមបម្រុង និងការពារអន្តរាគមន៍នូវគ្រោះទឹកជំនន់នៅរដូវវស្សានេះ មន្ទីរសុខាភិបាលបានរៀបចំផែនការជាបីដំណាក់កាល។

លោកបានបញ្ជាក់ថា ដំណាក់កាលទី១ គឺដំណាក់កាលត្រៀមមុននឹងមានគ្រោះទឹកជំនន់។ ដំណាក់កាលទី១នេះ គឺមន្ទីរសុខាភិបាល បានរៀបចំប្រជុំ រៀបចំផែនការដូចជា ត្រៀមបម្រុងតម្រូវការឱសថ សម្ភារៈបរិក្ខាពេទ្យ ត្រៀមរថយន្តគិលានសង្គ្រោះ ត្រៀមបុគ្គលិក មន្ត្រីរាជការ ដើម្បីចូលរួមសង្គ្រោះនៅក្នុងកិច្ចអន្តរាគមន៍នៅពេលណាដែលគ្រោះទឹកជំនន់នេះកើតឡើងជាយថាហេតុ។
ដំណាក់កាលទី២ គឺមន្ទីរបានត្រៀមផែនការនៅក្នុងដំណាក់កាលនៃទឹកជំនន់ ហើយលោកសង្កេតឃើញថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គខាងលើបង្កឲ្យមានជំនន់ទឹកភ្លៀង និងក្នុងអាងទន្លេមេគង្គឃើញថា ហក់ឡើងខ្ពស់។ ជាក់ស្ដែងនៅខេត្តក្រចេះ មន្ទីរសុខាភិបាល បានសហការតាមដានជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តខេត្ត ជារៀងរាល់ថ្ងៃ។ អញ្ចឹងនៅក្នុងនេះ ដែលមានភ្លៀងធ្លាក់ហើយបង្កឡើងប៉ុន្មានថ្ងៃ គឺមន្ទីរសុខាភិបាលខេត្ត បានចូលរួមចំណែកនៅក្នុងការចុះអន្តរាគមន៍ជាមួយថ្នាក់ដឹកនាំ និងមន្ទីរពាក់ព័ន្ធ ដូចជា មន្ទីរបានចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ឲ្យគាត់ត្រៀមបង្ការយ៉ាងម៉េចឲ្យជៀសផុតអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារទឹកជំនន់ ដូចជា ឲ្យគាត់បរិភោគអាហារអនាម័យ អនាម័យទឹកស្អាត ហើយអប់រំកូនចៅកុំឲ្យទៅតំបន់គ្រោះថ្នាក់ ហើយមន្ទីរក៏បានចុះចែកថ្នាំ ក្លូរ៉ូមីន ដល់ប្រជាពលរដ្ឋដើម្បីឲ្យគាត់យកទៅសម្លាប់មេរោគនៅក្នុងទឹក។

ជាមួយគ្នានោះ មន្ទីរសុខាភិបាលខេត្ត ក៏បានត្រៀមនូវមុងត្រលក់ថ្នាំដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលគាត់ទៅរស់នៅឡើទីទួលសុវត្ថិភាព។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺមន្ទីរបានចូលរួមជាមួយរដ្ឋបាលខេត្ត ចែកមុងច្រលក់ថ្នាំដល់ប្រជាពលរដ្ឋចំនួន ៤៧គ្រួសារហើយ ។
លោក ងី ប៊ុនឡែន បានបញ្ជាក់បន្ថែមថា ដំណាក់កាលទី៣ គឺមន្ទីរត្រៀមបម្រុងក្រោយទឹកជំនន់ លោកគិតថា នឹងអាចមានជំងឺឆ្លងខ្លះ និងកើតឡើងដល់ប្រជាពលរដ្ឋ។ ដូច្នេះមន្ទីរបានត្រៀមឱសថមួយចំនួន និងត្រៀមបុគ្គលិក មន្ត្រីរាជការ នៃមន្ទីរសុខាភិបាល ដើម្បីចុះអប់រំព្យាបាលទៅដល់ភូមិដ្ឋានប្រជាពលរដ្ឋដែលទទួលការរងគ្រោះ។

គូសបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍ជលសាស្ត្រ មេគង្គក្រចេះ មានកម្ពស់ ២១.២១ម៉ែត្រ បើប្រៀបធៀបនឹងថ្ងៃម្សិលម៉ិញ ២១.៤០ម៉ែត្រ ឃើញថា ស្ថានភាពទឹកនៅដងទន្លេមេគង្គក្រចេះ មានការស្រកចុះជាបណ្តើរៗ ទោះបីជាការស្រកចុះនេះមានសភាពយឺតក៏ដោយ៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ