ព័ត៌មានជាតិ
លោក ហេង សួរ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានថ្លែងការអរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ចក្នុងវិស័យការងាររបស់កម្ពុជា អនុលោមទៅនឹងអង្គការអន្តរជាតិខាងការងារ (ILO)។ ទន្ទឹមនេះ អង្គការ GIZ ក៏បានគាំទ្រដល់វិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងខេត្តបាត់ដំបងផងដែរ។

លោករដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Bärbel Kofler មកកម្ពុជានាពេលនេះនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែមានភាពល្អប្រសើរថែមទៀត។

ថ្លែងក្នុងជំនួបនេះ លោកជំទាវបណ្ឌិត Bärbel Kofler បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តដាក់យ៉ាងខ្លាំងចំពោះការគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នកម្រិតប្រាក់ឈ្នួលអប្បរមា នៅកម្ពុជាក៏ខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ផងដែរ។ លោកជំទាវ ក៏ចាប់អារម្មណ៍ផងដែរ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការអភិវឌ្ឍជំនាញ ដែលជាកត្តាសំខាន់សម្រាប់វិស័យឯកជន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការគាំពារសង្គម ជាពិសេសការគាំពារតាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមិនត្រឹមតែសម្រាប់កម្មករ និយោជិតប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋ បុគ្គលស្វ័យនិយោជន៍ អ្នកប្រកបរបរក្រៅប្រព័ន្ធផងដែរ។

ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ TVET ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញជាច្រើន ជាពិសេសជំនាញមេកានិក មេកាត្រូនិក ផ្នែកយានយន្ត ជាដើមដែលមានវិទ្យាស្ថានបច្ចេកទេសនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កំពុងផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ ឌីប្លូម៉ា និងឧត្តមសិក្សា៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


