ព័ត៌មានជាតិ
អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទទ្រមូង ដែលកំពុងរងការខូចខាតខ្លាំង
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគម្រោងជួសជុលប្រាសាទទ្រមូង ដែលស្ថិតនៅខាងលិច នៃខ្លោងទ្វារតាកាវ ក្រុងអង្គរធំ ឱ្យរឹងមាំឡើងវិញ។ ប្រាសាទទ្រមូង គឺជាមន្ទីរពេទ្យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យបុរាណចំនួន៤ របស់អតីតក្រុងអង្គរធំ ដែលបច្ចុប្បន្នកំពុងរងការខូចខាតខ្លាំង។

បុរាណវិទូ និងជាប្រធានការងារការដ្ឋាន លោក ជា សារិទ្ធ បានបញ្ជាក់ថា ប្រាសាទទ្រមូង រងការខូចខាតខ្លាំងនៅត្រង់តួប៉មកណ្តាល ដោយមានការដួលរលំស្ទើរទាំងស្រុង គឺនៅសល់ទ្រង់ទ្រាយដើមប្រហែល២០-៣០% ប៉ុណ្ណោះ។ ចំណែក ថ្មចាប់ពីជញ្ជាំងរហូតទៅដល់ផ្នែកដំបូលវិញ បានរលំ និងធ្លាក់ចុះមកលើដីទាំងស្រុង ដោយនៅសេសសល់ តែស៊ុមទ្វារផ្នែកខាងមុខ ខឿនផ្នែកខាងត្បូង និងផ្នែកខាងកើត។ ចំណែក រចនាសម្ពន្ធផ្នែកខាងលិច និងខាងជើងក៏បាត់ថ្មអស់ប្រហែល៥០%ដែរ។
ដោយសារតែប្រាសាទទ្រមូង រងការខូចខាតធ្ងន់ធ្ងរ ទើបបច្ចុប្បន្នក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុល ថែទាំឡើងវិញទៅតាមដំណាក់កាល។ ដំណាក់កាលទី១ គឺក្រុមការងារ ចាប់ផ្ដើមធ្វើសម្រង់ប្លង់បច្ចុប្បន្នរបស់ប្រាសាទ ធ្វើការវិភាគវិនិច្ឆ័យលក្ខណៈរបស់សំណង់ និងការខូចខាត ដើម្បីឈានដល់ការជួសជុល។ ចំណែកដំណាក់កាលទី២ គឺធ្វើការចុះបញ្ជីថ្មដែលកំពុងរាយប៉ាយ ដើម្បីកំណត់មុខងារ និងទីតាំងរបស់ថ្ម។

លោក ជា សារិទ្ធ បានបន្តថា តាមការចុះបញ្ជីកន្លងមក អាចឱ្យដឹងថា ថ្មដែលនៅរាយប៉ាយលើដី នាផ្នែកខាងលិចនៃប្រាសាទ គឺមានចំនួនរហូតទៅដល់ ៥០០ដុំ ផ្នែកខាងជើងមានចំនួន ៦០០ដុំ។ ថ្មទាំងនោះ បានកំណត់អត្តសញ្ញាណរួចហើយមានដូចជា ថ្មដំបូល ថ្មជញ្ជាំង ថ្មខឿន ផ្តែរ សសរពេជ្រ និងទ្វារបញ្ឆោតរបស់ប្រាសាទជាដើម។ល។
បច្ចុប្បន្ន ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាសាទទ្រមូងនេះ ដោយចាប់ផ្ដើមពីដំណាក់កាលនៃការពង្រឹងខឿន គ្រឹះរបស់តួប៉មកណ្តាល៕





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


