ព័ត៌មានជាតិ
«តម្បាញសំពត់អាវ»នៅតែជារបរពេញនិយមរបស់ជនជាតិដើមព្នង ដើម្បីចិញ្ចឹមជីវិតផង និងដើម្បីរក្សាកេរដំណែលដូនតាផង
តម្បាញសំពត់អាវតាមបែបប្រពៃណីរបស់ជនជាតិដើម គឺជាមុខរបរមួយដែលមិនសូវមានអ្នកធ្វើច្រើនទេ ព្រោះមិនសូវមានអ្នកចេះត្បាញ ហើយវាត្រូវការពេលវេលាយូរទម្រាំនឹងត្បាញចេញបានជាសំពត់ អាវ ឬក្រមា មួយៗ។ ប៉ុន្តែ មុខរបរនេះ បែរជានៅតែពេញនិយម និងមិនព្រមបោះបង់ពីសំណាក់ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចព្នងមួយចំនួននៅក្នុងខេត្តមណ្ឌលគិរី។ នេះ ក៏ព្រោះថា មុខរបរនេះ ជាមុខរបរតពីដូនតាផង និងអាចកម្រៃចិញ្ចឹមគ្រួសារបានផង។

អ្នកស្រី ផ្យាយ លុត អាយុ៥៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ថា ក្រុមគ្រួសាររបស់អ្នកស្រី បានប្រកបមុខរបរតម្បាញសំពត់ អាវ ក្រមា នេះអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ។ អ្នកស្រី បន្តថា ការប្រកបរបរនេះ មិនងាយស្រួលនោះទេ ពោល គឺពេលត្បាញម្តងៗ ត្រូវប្រើពេលយូថ្ងៃ ទើបបានសំពត់ អាវ ក្រមា ចេញជារូបរាងមក។ តែទោះជាយ៉ាងណា ដោយសារការស្រឡាញ់ ចង់ថែរក្សាវប្បធម៌ប្រពៃណីឲ្យក្មេងជំនាន់ក្រោយបានដឹង បានស្គាល់អំពីអត្តសញ្ញាណជនជាតិដើមភាគតិចព្នងកុំឲ្យបាត់បង់នៅថ្ងៃអនាគត និងដើម្បីជីវភាពគ្រួសារផង ទើបអ្នកស្រី និងក្រុមគ្រួសារ មិនបោះបង់ ហើយបន្តរបរនេះមកដល់សព្វថ្ងៃ។
នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នេះ មិនមែនមានតែក្រុមគ្រួសារអ្នកស្រី ផ្យាយ លុត តែមួយទេដែលនៅបន្តប្រកបរបរតម្បាញសំពត់ អាវ ក្រមានេះ ក្រុមគ្រួសារជនជាតិដើមភាគតិចព្នងផ្សេងទៀត ក៏ធ្វើដែរក្នុងហេតុផលរកកម្រៃចិញ្ចឹមគ្រួសារ និងចង់ថែររក្សាមុខរបរដែលតំណាងឱ្យវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច។ អ្នកស្រី ខ្លឹក កែវស៊ីងៀប សមាជិកក្រុមប្រឹក្សាឃុំប៊ូស្រា បានឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រកបមុខរបរតម្បាញ សំពត់ អាវ ក្រមា តាមបែបប្រពៃណីនៅក្នុងឃុំប៊ូស្រានេះ មានចំនួន៣ភូមិ ដោយមានការគាំទ្រពីមន្ទីរកិច្ចការនារីខេត្ត និងសមាគមមិត្តភាពជនជាតិដើមភាគតិចកម្ពុជា ហៅកាត់ថា ស៊ីហ្វា ដែលបានឧបត្ថម្ភអំបោះមួយចំនួនដល់ប្រជាសហគមន៍៣ភូមិនេះ ហើយសន្យាទិញត្រឡប់ទៅវិញនូវអាវ សំពត់ ក្រមា ដែលប្រជាសហគមន៍ត្បាញរួចតាមលទ្ធភាពដែលអាចធ្វើបាន។

អ្នកស្រី ខ្លឹក កែវស៊ីងៀប បានបញ្ជាក់ថា របរតម្បាញនេះ មិនមានម៉ាស៊ីនឧបករណ៍ទំនើបនោះទេ គឺពួកគាត់ត្បាញដោយដៃផ្ទាល់ហើយត្រូវប្រើពេលយូរ។ បើជាកន្សែង ត្រូវប្រើពេល១ថ្ងៃកន្លះទៅ២ថ្ងៃ ខណៈសំពត់វិញ ត្រូវប្រើរយៈពេល១៤ថ្ងៃទើបរួចមួយ។ ក្នុងនាមអ្នកស្រីជាអាជ្ញាធរ អ្នកស្រីអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី ជាពិសេស មកលេងនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជួយគាំទ្រទិញផលិតផលរបស់ជនជាតិដើមភាគតិចព្នង ដូចជា សំពត់ អាវ និងក្រមាអនុស្សាវរីយ៍ ដែលពួកគាត់សុទ្ធសឹងតែត្បាញចេញពីដៃផ្ទាល់ ដើម្បីឲ្យពួកគាត់បន្តមុខរបរតាមបែបប្រពៃណីនេះ និងជួយដោះស្រាយជីវភាពគ្រួសារបានផងដែរ៕
ដោយ ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


