ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង ដាក់បទបញ្ជាតាមចាប់ជនសង្ស័យញុះញង់ពលរដ្ឋកាប់ទន្ទ្រានដីព្រៃរដ្ឋ
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តស្រាវជ្រាវរកជនសង្ស័យដែលបានញុះញង់ឱ្យប្រជាពលរដ្ឋទៅឈូសឆាយដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ត្រូវបានដាក់ចេញនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី ០៤ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២៤ ស្ថិតនៅឃុំក្បាលរមាស ស្រុកសេសាន ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋជាច្រើនរូប។ ចំណាត់ការនេះ បន្ទាប់ពីមានជនសង្ស័យបានដើរបោកប្រាស់ប្រជាពលរដ្ឋ និងញុះញង់ឱ្យទៅកាប់រានដីព្រៃរដ្ឋនៅស្រុកសេសាន ដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈវេទិកានេះ ក៏បានផ្សព្វផ្សាយពីការអនុវត្តច្បាប់ដល់ពលរដ្ឋដែលបានចូលរួម ចៀសវាងចាញ់បោកតាមការអូសទាញរបស់ក្រុមទុច្ចរិត។

ក្នុងឱកាសនោះ លោកសរ សុពុត្រា បានសង្កត់ធ្ងន់ថា៖«មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរស្រុក ឃុំ ត្រូវបន្តស្រាវជ្រាវជនសង្ស័យដើម្បីឃាត់ខ្លួនយកមកអនុវត្តច្បាប់ឱ្យបាន ព្រោះជននេះបង្កភាពស្មុគ្រស្មាញរឿងដីធ្លី ហើយបង្កើតអំពើឆបោកប្រជាជនយើងបន្ថែមទៀត»។
គួរជម្រាបថា កន្លងមកមានទាំងពលរដ្ឋ និងជនសង្ស័យ បានយកលុយឱ្យអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈចុះផ្សាយខុសពីការពិត ថាពួកគេបាត់បង់ដី ខណៈដីដែលពួកគេកាន់កាប់នោះ ជាដីដែលកាប់ទន្ទ្រានដីរដ្ឋសម្រាប់ទុកអភិរក្ស។ បន្ថែមពីនេះ ពលរដ្ឋខ្លះ បានកាន់រូបថ្នាក់ដឹកនាំ ហើយស្នើសុំឱ្យស្វែងរកយុត្តិធម៌ បង្កឱ្យមានការភាន់ច្រឡំដល់សាធារណៈមតិ។
បើតាមអភិបាលខេត្ត ៖«មានបងប្អូនខ្លះស្រែកថាក្រណាស់ៗ តែប្រមូលលុយឱ្យគេម្ដងរហូតដល់ទៅ ៣០០០ ទៅ ៤០០០ ដុល្លារឱ្យគេបោក ហើយនាំគ្នាទៅកាប់ដីព្រៃដើម្បីលក់ ពេលអាជ្ញាធរចាប់ខ្លួន ស្រែកថាអយុត្តិធម៌»។
ជុំវិញបញ្ហាទាំងនេះ លោក សរ សុពុត្រា បានបង្ហើបឱ្យដឹងថា ដោយសារតែមានការយោគយល់ និងប្រោសប្រណីដល់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទើបចាត់តាំងមន្រ្តីចុះមកសម្របសម្រួលដោយសន្តិវិធី ដើម្បីបញ្ចប់បញ្ហាទាំងនោះ។


លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន មានប្រសាសន៍ថា កន្លងមកមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបមិនបន្ធូរដៃឡើយ និងបានឃាត់ខ្លួនជនខិលខូចច្រើននាក់ ដែលបានកាប់ព្រៃទន្ទ្រានដីរដ្ឋ ក្នុងនោះក៏មានអ្នកសារព័ត៌មួយចំនួនផងដែរ។ លោកថា៖«នៅសល់អ្នករត់គេចខ្លួនមួយចំនួនទៀត សមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយនិងកំពុងអនុវត្តនីតិវិធី។ ដោយឡែកទីតាំងដីដែលអាជ្ញាធរដកហូតបានកំពុងការពារយ៉ាងតឹងរឹង ចំណែកដីរបស់ក្រសួងកសិកម្មដែលមានប្លង់ នៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន នៅពេលប្រជាពលរដ្ឋប្រមូលផលដំឡូងមីអស់ អាជ្ញាធរមានសមត្ថកិច្ចចុះទៅអនុវត្តនីតិវិធី ព្រោះបានណែនាំពួកគាត់រួចហើយដែរ»។

ពាក់ព័ន្ធករណីដីធ្លីនេះ នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, លោក ប៉ាន់ខែម ប៊ុនថន កន្លងមក បានចុះមកជួបប្រជាពលរដ្ឋ និងដោះស្រាយជាច្រើលើកច្រើនសារមកហើយ តែមិនទាន់បានសម្រេចលទ្ធផលទាំងស្រុងទេ ដោយសារពលរដ្ឋខ្លះជឿតាមការញុះញង់អ្នកនៅពីក្រោយសកម្មភាពកាប់ទន្ទ្រានដីរដ្ឋ៕
ដោយ៖ ងិន លីម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


