Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ជំរុញឱ្យរដ្ឋបាលខេត្តទាំងបួនក្នុងភូមិភាគឦសាន ពិនិត្យលើកិច្ចការសម្បទានដីសេដ្ឋកិច្ច ដើម្បីទាក់ទាញការវិនិយោគ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ជំរុញ​រដ្ឋបាល​ខេត្ត​ទាំង​បួន​ក្នុង​ភូមិភាគ​ឦសាន រួមមាន​ ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ យកចិត្តទុកដាក់​ពិនិត្យ​លើ​កិច្ចការ​សម្បទាន​ដី​សេដ្ឋកិច្ច​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង ​៤​ ឱ្យ​មាន​ការ​រីក​លូតលាស់​បន្ថែម​ទៀត ប្រកប​ដោយ​ប្រសិទ្ធភាព និង​តម្លាភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​គ្រប់គ្រង​ទិន្នន័យ និង​ព័ត៌មាន​វិនិយោគ​, និង​ការ​គ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង ៤ នៃ​ភូមិភាគ​ឦសាន​ កាលពី​ថ្ងៃទី​ ១១ ​ធ្នូ លោកបណ្ឌិត​សភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប ទីប្រឹក្សា​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​ , រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ក្នុងភូមិ​ភាគ​ឦសាន (​ក​.​វ​.​ឦសាន​)​ បាន​លើកឡើងថា ​រដ្ឋបាល​ខេត្ត​ទាំង​បួន ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពិនិត្យ​លើ​កិច្ចការ​សម្បទាន​ដី​សេដ្ឋកិច្ច ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដោយ​សម្បទានិក​ដែល​បាន​អនុវត្ត​ការងារ​របស់​ខ្លួន​ហើយ ត្រូវ​បន្ត​ជំរុញ​ទៅមុខ​បន្ថែម​ទៀត ​, ហើយ​សម្បទា​និក​ដែល​បាន​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​បាន​តិចតួច ឬ មិនទាន់បាន​អនុវត្ត​ការងារ​សោះ ត្រូវ​ជំរុញ​ឱ្យ​អនុវត្ត​ការងារ​ឱ្យ​បាន​សកម្ម​ផុលផុស ដើម្បី​ធានា​ឱ្យ​បាន​ថា ធនធាន​ដែលមាន ត្រូវបាន​ប្រើប្រាស់​អស់​សក្តានុពល និង មាន​ផលិតភាព​សេដ្ឋកិច្ច​ខ្ពស់។

លោក​បណ្ឌិតសភា​ចា​រ្យ បាន​ណែនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង រដ្ឋបាលខេត្ត​ទាំង​បួន ឱ្យ​ពង្រឹង​កិច្ច​សហការ​ល្អ ក្នុងការ​រៀបចំ និង ការគ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​វិនិយោគ និង ការចែករំលែក​ព័ត៌មាន ក្រោម​ការសម្របសម្រួល​រួម​របស់ ក​.​វ​.​ឦសាន សំដៅ​រួមគ្នា​ដោះស្រាយ​បញ្ហា​ជា​កញ្ចប់ ដោយ​គិតគូរ​អំពី​ផលប្រយោជន៍​សង្គម​-​សេដ្ឋកិច្ច​ជាតិ ​, ជាពិសេស ត្រូវ​ធានា​ឱ្យបាន​ថា វិនិយោគិន​ នឹង​ទទួលបាន​នូវ​ការ​គាំទ្រ​វិនិយោគ ឬ ធុរកិច្ច បាន​យ៉ាង​ពេញលេញ និង ទាន់ពេលវេលា និង អាច​ទាញយក​អត្ថប្រយោជន៍​ជា​អតិបរមា ពី​កាលានុវត្តភាព​សេដ្ឋកិច្ច​ដ៏​ធំធេង នៃ​ភូមិភាគ​ឦសាន។

ជាមួយគ្នានេះ លោក​បណ្ឌិតសភា​ចា​រ្យ បាន​គូស​រំលេច​អំពី​តួនាទី​ស្នូល​របស់ ក​.​វ​.​ឦសាន ដែល​ជា «ច្រក​ចេញ​ចូល​តែមួយ​» ក្នុង​អភិក្រម​ជវភាព ​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ ដើម្បី​ផ្តល់​ការ​សម្របសម្រួល​ជា​កញ្ចប់​នូវ​ព័ត៌មាន​វិនិយោគ ​, ការសម្រួល​នីតិវិធី​ពាក់ព័ន្ធ និង ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ​នៃ​ការ​វិនិយោគ​ឯកជន ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ផ្តល់​ភាព​កក់ក្តៅ និង ទំនុក​ចិត្ត​ខ្ពស់ ដល់​វិនិយោគិន​/​ក្រុមហ៊ុន​វិនិយោគ ឱ្យមក​បណ្តាក់​ទុនវិនិយោគនៅ​ភូមិភាគ​ឦសាន។

គួរ​បញ្ជាក់ថា​ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង រដ្ឋបាលខេត្ត​ទាំង​បួន នៃ​ភូមិភាគ​ឦសាន ដើម្បី​ពង្រឹង​យន្តការ​សម្របសម្រួល ​, គ្រប់គ្រង​ព័ត៌មាន​/​ទិន្នន័យ​វិនិយោគ និង គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យមាន​ភាពស៊ីចង្វាក់​គ្នា រវាង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​អភិក្រម​នៃ “​ជវភាព​ប្រព័ន្ធ​តួអង្គ​តែមួយ​” ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង កង្វល់​របស់​វិស័យ​ឯកជន ពាក់ព័ន្ធ​នឹង​ការស្វែងរក និង ការទទួលបាន​នូវ​ព័ត៌មាន​/​ទិន្នន័យ​ដីធ្លី​សម្រាប់​ការវិនិយោគ ដែលមាន​លក្ខណៈ​រហ័ស ច្បាស់លាស់ និង គ្រប់​ជ្រុងជ្រោយ ដែល​ជា​ធាតុ​ចូល​ដ៏​សំខាន់​សម្រាប់​ការ​សម្រេច​ចិត្ត​វិនិយោគ និង អាជីវកម្ម។ លើសពីនេះ ការពង្រឹង​យន្តការ​សម្របសម្រួល​ព័ត៌មាន នឹង​ពង្រឹង​សហ​ថាមពល ​នៃ​ការ​ប្រមូលផ្ដុំ​ឧស្សាហកម្ម ដែល​ផ្សារភ្ជាប់​ខ្សែ​ច្រវាក់​ផលិតកម្ម និង ផ្គត់ផ្គង់ ស្រប​តាម​សក្ដានុពល​សេដ្ឋកិច្ច​ នៃ​តំបន់​ភូមិភាគ​ឦសាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម