ព័ត៌មានជាតិ
កម្ពុជាបើកកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍នៅព្រឹកនេះ
រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលហ្វីលីពីន និងកូរ៉េខាងត្បូង រៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងសៀមរាប ដើម្បីធានាឱ្យបានកាន់ច្បាស់លាស់ថា កុមារនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត
នឹងទទួលបានអាហារនៅសាលារៀនប្រកបដោយអាហារូបត្ថម្ភខ្ពស់ និងសុខភាពប្រសើរ នៅត្រឹមបំណាច់ឆ្នាំ២០៣០។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំក្រោមក្របខណ្ឌនៃសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនសកល ហើយនិងជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តពីបណ្តាប្រតិបត្តិករនៃកម្មវិធីផ្តល់អាហារនៅសាលារៀននៅក្នុងតំបន់
ក្នុងការជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ។
កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តិទៅដោយមានការចូលរួមពីតំណាងនៃស្ថាប័នពាក់ព័ន្ធជាន់ខ្ពស់ដែលអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាតំណាងមកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ ជាសក្ខីកម្មនៃកាលានុវត្តភាពដ៏ចាំបាច់បំផុតដែលស្ថាប័នពាក់ព័ន្ធទាំងអស់ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ នឹងត្រូវរួមសហការលើគោលនយោបាយ ដែលមានគោលដៅលើកកម្ពស់សុខភាពការអប់រំ និងសក្តានុពលនាថ្ងៃអនាគតសម្រាប់កុមារ តាមរយៈនិរន្តរភាពនៃកម្មវិធីផ្តល់អាហារនៅសាលារៀន។
ចំពោះរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះនឹងរួមបញ្ចូលការពិភាក្សាលើការពង្រឹងគុណភាព និងប្រសិទ្ធភាព ការកែលម្អក្របខណ្ឌគោលនយោបាយការធ្វើឱ្យប្រសើរឡើងនូវយន្តការហិរញ្ញប្បទាន និងការបំផុសកិច្ចសម្របសម្រួលអន្តរវិស័យ នៃការអនុវត្តកម្មវិធីផ្តល់អាហារ និងការគាំទ្រផ្នែកអាហារូបត្ថម្ភនៅសាលា រៀន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងនេះថា កិច្ចប្រជុំកំពូលសម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារនៅសាលារៀនតំបន់ អាស៊ីអគ្នេយ៍
ជាវេទិកាដ៏ពិសេសមួយដែលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍអាចប្រមូលផ្តុំគ្នាផ្តោះប្តូរឧត្តមានុ វត្តន៍ និងបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការផ្តល់អាហារដែលប្រកបដោយអាហារូបត្ថម្ភដល់កុមារ ដែលជាការតម្កល់ភាពចាំបាច់នៃកម្មវិធីផ្តលើអាហារនៅសាលារៀនជាឧបករណ៍មួយនៃកម្មវិធីជាតិ គាំពារសង្គម។ កិច្ចប្រជុំនេះនឹងគូសបញ្ជាក់ពីបំណងប្រាថ្នានៃកម្ពុជា ចំពោះការបណ្តុះមូលធនមនុស្ស ការជំរុញកំណើនសេដ្ឋកិច្ច និងការធានាសុខមាលភាពនៃកុមារ។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជននិងកីឡា បានអនុវត្ត កម្មវិធីផ្តល់អាហារនៅសាលារៀនដោយប្រើកសិផលសហគមន៍ដោយមានវិសាលភាពលើសាលាបឋម សិក្សាគោលដៅប្រមាណ២ភាគ៣ ជាមួយនិងការប្តេជ្ញាចិត្តក្នុងការសម្រេចបានការគ្របដណ្តប់ផ្នែកថវិកាអនុវត្តកម្មវិធីឱ្យបានដល់សាលាបឋមសិក្សាចំនួន១១១៤ និងផ្តល់អាហារជូនដល់កុមារឱ្យបាន៣០០ពាន់នាក់ នៅអំឡុងឆ្នាំ២០២៨។
កម្មវិធីនេះ ក៏បានអនុវត្តទន្ទឹមគ្នាជាមួយកម្មវិធីអាហារូបករណ៍ ជាសាច់ប្រាក់ដែលផ្តល់ជូនសិស្សានុសិស្សមកពីគ្រួសារក្រីក្រពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិប្រមាណ៦៥ម៉ឺននាក់។ ប្រការនេះជាការធានាបាននូវការគាំពារផ្នែកអាហារូបត្ថម្ភសមរម្យ និងបរិស្ថានស្បៀងអាហារសមប្រកបដែលអាចរក្សាប្រសិទ្ធភាពនៃដំណើរការលទ្ធកម្ម និងការចែក ចាយស្បៀងអាហារការកសាងសមត្ថភាពស្ថាប័ន និងការធានានិរន្តរភាពនៃហិរញ្ញប្បទាន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន