ព័ត៌មានជាតិ
ប.ស.ស មានសមាជិកកើនឡើងជិត ៣ លាននាក់ ហើយ នៅទូទាំងប្រទេស
រហូតមកទល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) មានសមាជិកកើនឡើងដល់ជាង ២,៧ លាននាក់ ហើយ នៅទូទាំងប្រទេស ដែលនេះសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានការជឿជាក់ និងផ្តល់ទំនុកចិត្តខ្ពស់លើប្រព័ន្ធគាំពារសង្គមមួយនេះ។

បើតាម ប.ស.ស បានឱ្យដឹងថា ក្នុងចំណោមសមាជិកជាង ២ លាន ៧ សែននាក់ ក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានចំនួនជិត ៥០ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារមានចំនួនជាង ១,៦ លាននាក់ បុគ្គលស្វ័យនិយោជន៍មានចំនួនជាង ៤៣ ម៉ឺននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួនជិត ១៤ ម៉ឺននាក់ ដោយជាសហព័ទ្ធ (ប្រពន្ធ ឬប្តី) មានចំនួន ៣៦ ៦១២ នាក់ និងកូនមានចំនួន ១០២ ៧៨៨ នាក់។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការកើនឡើង នៃសមាជិក ប.ស.ស នេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃ ប.ស.ស។

លោកបានបន្តថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងចុះផ្សព្វផ្សាយតាមរាជធានី-ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្ម នៅរាជធានី-ខេត្តទូទាំងប្រទេស រួមនឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។
បន្ថែមពីនេះ បេឡាជាតិសន្តិសុខសង្គម ក៏ទទួលកុមារចូលជាសមាជិកផងដែរ ដោយទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណៈ និងឯកជន ក្នុងនោះដែរ ប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នឹងផ្តល់ប្រាក់វិភាជន៍បូជាសពផងដែរ។

លោកបានបន្ថែមថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារ គឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុន ដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្ដានុពលភាពនាពេលអនាគត។
គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ប.ស.ស ទទួលបានពានរង្វាន់អង្គភាពឆ្នើមស្ដីពីការអនុវត្តរបបសន្តិសុខសង្គមចំនួន ៩ ហើយ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ហើយពានទី ៩ ទទួលបាន កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំលើកទី ៤១ នៅប្រទេសហ្វីលីពីន៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


