ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ឆ្នាំ២០២៥ កម្មករនិយោជិតនឹង ទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន២០៨ដុល្លារក្នុង១ខែ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៥ធ្នូ ថា ចាប់ពីខែមករា ឆ្នាំ២០២៥ខាងមុខនេះតទៅ កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន២០៨ដុល្លារក្នុង១ខែ ខណៈឆ្នាំ២០២៤ទទួលបានត្រឹម២០៤ដុល្លារប៉ុណ្ណោះក្នុង១ខែ។

លោកបានបន្តថា រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់លើកម្មករនិយោជិតដោយធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។ ដោយឡែកសម្រាប់ប្រាក់ឈ្នួលថ្មីនឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥តទៅ នឹងទទួលបានចំនួន២០៨ដុល្លារ កើន៤ដុល្លារបើធៀបទៅនឹងឆ្នាំ២០២៤។
លោកបានបន្តទៀតថា ក្រៅពីនេះកម្មករនឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ៧ដុល្លារក្នុង១ខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារក្នុង១ខែ,ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត២ពាន់រៀលក្នុង១ថ្ងៃ ឬទទួលបានបាយ១ពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារពីឆ្នាំទី២ដល់ឆ្នាំទី១១ចន្លោះពី២ទៅ១១ដុល្លារក្នុង១ខែ។ ដូចនេះជារួមជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២៣០ដុល្លារ ទៅ៣០០ដុល្លារ ក្នុងមួយខែៗ ។

លោកបានបន្ថែមទៀតថា លើសពីនេះទៀតកម្មករក៏នឹងទទួលបានការលើកលែងពន្ធក្នុងករណីទទួលបានប្រាក់ឈ្នួលក្រោម១លាន៥សែនរៀល ជិះរថយន្តក្រុងមិនគិតថ្លៃ ការតបណ្តាញទឹកភ្លើងតាមផ្ទះជួលមានតម្លៃថោក និងអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស.ដូចជា ផ្នែកថែទាំសុខភាព និងគ្រោះថ្នាក់ការងារនិយោជកជាអ្នកបង់ជំនួស១០០
% សម្រាប់ភាគទាន ប.ស.ស.។ ចំណែកប្រាក់សោធននិវត្តន៍និយោជកបង់៥០% និងប្រាក់បូជាសព១០លានរៀល។សម្រាប់ស្ត្រីមានផ្ទៃពោះមកពិនិត្យផ្ទៃពោះ៤លើកមុនសម្រាលទទួលបាន៨ម៉ឺនរៀលក្នុង១លើក។ ពេលសម្រាលបានកូនមួយ៨០ម៉ឺនរៀល កូនភ្លោះពីរ១លាន២សែនរៀល កូនភ្លោះបីទទួលបាន១លាន៦សែនរៀល បូកនឹងប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៥លានរៀល។ ក្រោយសម្រាលទៅពិនិត្យសុខភាព១០លើក និងចាក់វ៉ាក់សាំងដល់កូនរហូតដល់២ឆ្នាំដោយ១លើកៗទទួលបានប្រាក់ឧបត្ថម្ភ៨ម៉ឺនរៀល។ លោកបានសង្កត់ធ្ងន់ទៀតថា ការទទួលបានប្រាក់ឈ្នួលថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិត និងក្រុមគ្រួសារកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន២០៨ដុល្លារក្នុង១ខែ គឺជាលទ្ធផលបានមកពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ ហើយរាជរដ្ឋាភិបាលបន្ថែម២ ដុល្លារបន្ថែមទៀតធ្វើឱ្យប្រាក់ឈ្នួលក្នុងឆ្នាំ២០២៥មានចំនួន២០៨ដុល្លារក្នុងមួយខែ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


