ព័ត៌មានជាតិ
ឆ្នាំ២០២៤ កម្ពុជាមានកុមារ និងមនុស្សពេញវ័យឆ្លងជំងឺគ្រុនឈាមជិត២ម៉ឺនករណី ថយចុះជិត ៥០%
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ
បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤មករានេះថា ឆ្នាំ២០២៤មានកុមារ និងមនុស្សពេញវ័យឆ្លងជំងឺគ្រុនឈាមចំនួន១៨៧៤២ ករណី និងស្លាប់ចំនួន៤៥នាក់ បើធៀបទៅនឹងឆ្នាំ២០២៣ មានការថយចុះចំនួន១៦០២០ករណី
ឬស្មើនឹង៤៦% ក្នុងចំណោម ៣៤៧៦២ករណី។

លោកវេជ្ជបណ្ឌិត បានបន្តថា ជាការសន្និដ្ឋាន ស្ថានភាពជំងឺគ្រុនឈាមឆ្នាំ២០២៤នេះ កំពុងស្ថិតក្នុងស្ថានភាពវិវត្តកម្រិតទាបបំផុតជាធម្មតាដោយសារមានការអន្តរាគមន៍ឆ្លើយតបយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស ក្រោមការចង្អុលបង្ហាញ
និងលើកទឹកចិត្តជាប្រចាំរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលសម្រាប់គ្រប់សកម្មភាពអន្តរាគមន៍បែបបុរេសកម្ម។ លើសពីនេះទៀតលោកវេជ្ជបណ្ឌិតបានបន្តថា ការថយចុះនៃករណីជំងឺគ្រុនឈាមនេះ
អាចបណ្តាលមកពីមានការកើនឡើងនូវចំនួនប្រជាជនមានការយល់ដឹងច្រើនបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារគុណភាពសេវា និងសមត្ថភាពផ្តល់សេវារបស់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេសមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការដាក់ថ្នាំអាបែតបានគ្រប់គ្រាន់ និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសបានទាន់ពេលវេលាសម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ ជាងនេះទៅទៀត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ពីវិធានការអនាម័យ
និងបរិស្ថាននៅតាមសហគមន៍បានល្អប្រសើរដូចជា សំអាតលំនៅដ្ឋានបានស្អាត លប់បំបាត់ ឬដុតកំទេចចោល ឬទុកដាក់មានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជា សំបកកង់ឡាន សំបកដបកំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រ
ដែលជាជម្រកនៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករ
និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូសូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុតដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានណែនាំឱ្យកុមារស្លៀកពាក់ខោអាវដៃវែងជើងវែង និងសម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ មិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹត និងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត
និងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា កុមារដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមភាគច្រើនបណ្តាលមកពីមាតាបិតា ឬអាណាព្យាបាលបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


