ព័ត៌មានជាតិ
យុវជនមានជំនាញបច្ចេកទេស កាន់តែមានលទ្ធភាពរកការងារធ្វើបានយ៉ាងសមរម្យ
មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជជីវៈ លើកឡើងថា យុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាន់តែមានលទ្ធភាពរកការងារធ្វើបានយ៉ាងសមរម្យ បន្ទាប់ពីពួកគាត់មានចំណេះដឹង និងជំនាញច្បាស់លាស់។

លោក ហ៊ីង ស៊ីដត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្ហាញឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា លទ្ធផលនៃការចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ កំពុងផ្តល់ផលវិជ្ជាមានដល់យុវជនដែលក្រីក្រ និងងាយរងហានិភ័យ តបនឹងអនុសាសន៍របស់សម្តេចបវធីបតី ហ៊ុន ម៉ាណែត រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ។

ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ និងប្រគល់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស១,៥លាននាក់របស់រាជរដ្ឋាភិបាល លោក ហ៊ីង ស៊ីដេត រំលេចទៀតថា កម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី១ និងទី២ កន្លងទៅ បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍន៍ធនធានមនុស្ស ការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងផ្តល់ឱកាសការងារប្រាក់ចំណូលជូនដល់យុវជនក្រីក្រទូទាំងប្រទេស។

លោកអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា បច្ចុប្បន្នយោងតាមទិន្នន័យ គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មានយុវជនចុះឈ្មោះក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញចំនួន៨៩.៤៦០នាក់ដែលមានសិក្ខាកាមជាស្រ្តីចំនួន៣៥.៨៩០នាក់ និងកំពុងបណ្តុះបណ្តាលចំនួន៣១.១១៩ ហើយសិក្ខាកាមបានបញ្ចប់ការសិក្សាចំនួន២១.៨៥៦នាក់។ រីឯសិក្ខាកាមមានការងារធ្វើចំនួន១០.៨៧២នាក់។

ទាក់ទិននឹងការសម្រេចជោគជ័យលើការបណ្តុះបណ្តាល និងវិជ្ជាជីវៈនេះ លោក ហ៊ីង ស៊ីដេត មានក្តីមោទនភាពយ៉ាងខ្លាំងដែលកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ និងជំរុញឱ្យយុវជនបន្តប្រឹងប្រែងពង្រឹងសមត្ថភាពចំណេះដឹងបន្ថែមទៀត សម្រាប់បន្តចាប់យកឱកាសការងារថ្មីៗ។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស ព្រះនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ឱ្យដឹងថា ១ឆ្នាំកន្លងទៅ យុវជនក្រីក្រ និងងាយរងហានិភ័យជាង១ពាន់នាក់ បានបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ដោយអ្នកខ្លះកំពុងបន្តការរៀនបន្ថែម និងខ្លះទៀតមានការងារធ្វើយ៉ាងល្អប្រសើរ។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បន្តថា មុខជំនាញដែលយុវជនសិក្សា មានដូចជា សេវាកម្មកុំព្យូទ័រ សំណង់ និងសំអាងការ។ យុវជនដែលមានជំនាញពិតប្រាកដ ទទួលបានឱកាសការងារ មុខរបរ និងមានប្រាក់ចំណូលល្អប្រសើរជាងមុន ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមការវាយតម្លៃរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង យុវជនភាគច្រើនទទួលបានការងារទៅតាមជំនាញរៀងៗខ្លួន ហើយចំពោះអ្នកមិនទាន់មានការងារក៏បន្តសិក្សាបន្ថែមតាមកម្រិតរបស់ពួកគេ ដើម្បីពង្រឹងចំណេះដឹង និងចាប់យកឱកាសការងារខ្ពស់ជាងនេះ។ វិទ្យាស្ថានបានទំនាក់ទំនងមន្ទីរការងារ តំបន់សេដ្ឋកិច្ចពិសេសខេត្ត និងវិស័យឯកជនផ្សេងៗ ដើម្បីស្វែងការងារធ្វើជូនយុវជនដែលរៀនចប់ ចេះ ហើយមានការងារ។

ដោយឡែកលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ចាត់ទុកកម្មវិធីអភិវឌ្ឍន៍ជំនាញបច្ចេកទេសថា បានចូលរួមចំណែកកាន់តែខ្លាំងដល់ការពង្រឹងគុណភាពអប់រំ បង្កើតការងារសមរម្យ និងមានប្រាក់ចំណូលដល់យុវជនដែលងាយរងគ្រោះ និងកម្មករ និយោជិត ដើម្បីកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបនឹងតម្រូវការការងារលើទីផ្សារ។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍វិស័យការងារ ពង្រឹងភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ និងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
សន្តិសុខសង្គម៦ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


