ព័ត៌មានជាតិ
អង់គ្លេសសន្យាបន្តជួយកម្ពុជាដល់ឆ្នាំ២០៣២ ទោះកម្ពុជាចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០៣០
អង់គ្លេស សន្យាបន្តផ្ដល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មដល់កម្ពុជា ក្នុងរយៈពេល ៣ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ២០៣២ បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០៣០។ ដំណឹងនេះត្រូវបានទម្លាយឱ្យដឹងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតអង់គ្លេស កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស បានផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងចក្រភពអង់គ្លេស លើវិស័យជាច្រើន ពិសេសទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិស័យការពារជាតិ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូត Dominic Williams បានសម្ដែងក្ដីរីករាយចំពោះទំនាក់ទំនងកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងជោគជ័យកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី លើកទី២ នៅទីក្រុង ឡុងដ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានជំរុញឱ្យមានការផ្លាស់ប្តូរកម្រិតខ្ពស់។ ខណៈកម្ពុជា ក៏កំពុងទន្ទឹងចាំជួបសមភាគីអង់គ្លេស នាពេលខាងមុខ។

លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្វាគមន៍ចំពោះការរៀបចំប្រកបដោយជោគជ័យវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា (JTIF) នៅខែវិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញ ហើយបានទទួលស្គាល់ពីសារៈសំខាន់នៃការរួមបញ្ចូលកម្ពុជាក្នុងគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)សម្រាប់កំណើនសេដ្ឋកិច្ច។ លោក ប្រាក់ សុខុន បានសរសើរចំពោះការបន្តគាំទ្ររបស់ចក្រភពអង់គ្លេស រួមទាំងការសម្រេចបន្តអត្ថប្រយោជន៍ដល់កម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ រយៈពេល៣ឆ្នាំបន្ថែមរហូតដល់ឆ្នាំ២០៣២ បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដើម្បីជួយធានាឱ្យមានការផ្លាស់ប្ដូរសេដ្ឋកិច្ចដោយរលូន។

ភ្ជាប់គ្នានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរាជទូតអង់គ្លេស ក៏បានពិភាក្សាទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈការវិនិយោគរបស់អង់គ្លេស រួមទាំងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតងដំបូងរបស់កម្ពុជា និងគម្រោងនានាដូចជា អាកាសដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster និងPartners។ លោក ប្រាក់ សុខុន បានលើកទឹកចិត្តដល់ការវិនិយោគរបស់អង់គ្លេសបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ភាគីទាំងពីរ ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា និងឯកភាពក្នុងការរិះរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។

សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ លោកឧបនាយករដ្ឋមន្ត្រី បានអរគុណចំពោះការគាំទ្រដ៏មានតម្លៃរបស់អង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យអប់រំ ការថែទាំសុខភាព និងការដោះមីន ខណៈលោកបានបង្ហាញការស្វាគមន៍ចំពោះការបើកសាកលវិទ្យាល័យអង់គ្លេសដំបូងគេ គឺសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត នៅកម្ពុជា និងបានអំពាវនាវឱ្យមានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀត៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


