Connect with us

ព័ត៌មានជាតិ

កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានព្រំដែន ដោយបន្តឈូសឆាយផ្លូវ និងរាយបន្លាលួសនៅតំបន់តាទុំ និងជប់ដើមខ្នុរ ក្នុងខេត្តឧត្ដរមានជ័យ

បានផុស

នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតតវ៉ាជាផ្លូវការ ទៅកាន់ភាគីថៃ ក្រោយកងកម្លាំងប្រដាប់អាវុធថៃ បន្តធ្វើសកម្មភាពឈូសឆាយដីសាងសង់ផ្លូវ និងរាយបន្លាលួសនៅតាមតំបន់ព្រំដែន ដែលកម្ពុជាចាត់ទុកថា ជាការរំលោភអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងបំពានលើកិច្ចព្រមព្រៀងទ្វេភាគី និងច្បាប់អន្តរជាតិ។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានឈូសឆាយដីសាងសង់ផ្លូវថ្មី នៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយរំលោភចូលក្នុងទឹកដីកម្ពុជា។

បន្ទាប់មក ចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តឈូសឆាយដីធ្វើផ្លូវ និងរាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងលិខិតតវ៉ាចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់តាមផែនទីខ្នាត ១:២០០,០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបន្តថា សកម្មភាពរបស់ភាគីថៃ ក៏ជាការបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU ឆ្នាំ២០០០) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ព្រមទាំងផ្ទុយនឹងចំណុចទី១ ស្តីពីវិធានការកាត់បន្ថយភាពតានតឹង ក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ការងារវាស់វែង និងបោះបង្គោលព្រំដែនជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុវត្តបន្ត។

កម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ ហើយសកម្មភាពទាំងនេះ មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជា ចំពោះខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនបានទេ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នៅតំបន់ដែលបានរៀបរាប់ ក៏ដូចជាតំបន់ផ្សេងទៀតដែលកម្ពុជាអះអាងថា ត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ តាំងពីឆ្នាំមុន ដើម្បីកាត់បន្ថយភាពតានតឹង បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក និងបង្កលក្ខណៈអំណោយផលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ជំហរថា ខ្សែបន្ទាត់ព្រំដែនមិនអាចផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម