Connect with us

ព័ត៌មានជាតិ

មន្ត្រីកម្ពុជាបញ្ជាក់ទៅអ្នករាយការណ៍ពិសេស UN ពី​​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៅកាន់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ដោយបញ្ជាក់ថា កម្ពុជាបើកចំហចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន តារា អនុរដ្ឋលេខាធិការក្រសួងការបរទេស បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក  ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាល​កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញា​សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។​

លោក ក៏បានសម្ដែងការសាទរដល់លោក ថូម៉ាស់ អេនឌ្រូ ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាអ្នក​រាយការណ៍​ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា និងស្វាគមន៍​ចំពោះទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់លោកមកកាន់ប្រទេសកម្ពុជាពេលនេះ។ តាមរយៈដំណើរទស្សនកិច្ចនេះ លោក អ៊ិន តារា ចាតទុកថា នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។

លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចាប់តាំងពីឆ្នាំ១៩៩៣មក។ លោក ថា នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះភាពបើកចំហ កិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ក្រៅពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងជំនួបខាងលើ មន្ត្រីក្រសួងការបរទេស ក៏បានលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃផងដែរ។ លោក បានប្រាប់អ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវបានផ្លាស់ទីលំនៅ និងជួបឧបសគ្គរារាំងមិនអាចត្រឡប់ទៅលំនៅស្ថានវិញបាន។ លោក បានស្វាគមន៍ចំពោះគម្រោងធ្វើទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសទៅកាន់តំបន់ព្រំដែនដែលរងផលប៉ះពាល់ និងជំរំភៀសសឹក ដើម្បីស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពមនុស្សធម៌នៅទីនោះ។

គួរឱ្យដឹងថា លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ វត្តមានរបស់លោក ថូម៉ាស់ អេនឌ្រូ គឺបន្តអាណត្តិពីលោក វីទីត មុនតាប៊ន ដែលបាន​លា​លែង​ពី​មុខ​តំណែងអ្នករាយការណ៍ពិសេសនេះ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥។

សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ថូម៉ាស់ អេនឌ្រូ ពេលនេះ ក្នុងបំណងធ្វើការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។

តាមគម្រោង អ្នករាយការណ៍ពិសេសរូបនេះ នឹងជួបជាមួយមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត​ ជាមួយនឹងការធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម