ព័ត៌មានជាតិ
កម្ពុជាអំពាវនាវឱ្យថៃឈប់បង្កើតលេស និងត្រឡប់មកបន្តកំណត់ខណ្ឌសីមាព្រំដែនគោកវិញជាបន្ទាន់
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ដែលបានអះអាងនៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះថា ការសម្រេចចិត្តរបស់កម្ពុជាក្នុងការដំណើរការយន្តការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាព្រំដែនគោក។
ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ការអះអាងនេះ មិនមែនជាការពិតទាល់តែសោះ ដោយបញ្ជាក់ថា បញ្ហាព្រំដែនសមុទ្រ និងព្រំដែនគោក ត្រូវបានគ្រប់គ្រងដោយ ក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និង យន្តការទ្វេភាគីផ្សេងគ្នា។ ការជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS របស់កម្ពុជា គឺពាក់ព័ន្ធនឹង បញ្ហាព្រំដែនសមុទ្រតែមួយគត់ មិនមែនបញ្ហាព្រំដែនគោកទេ។
ក្រសួងបានរំលឹកថា UNCLOS គឺជា មធ្យោបាយសន្តិវិធី ដែលបានព្រមព្រៀងគ្នាសម្រាប់ដោះស្រាយវិវាទលើដែនសមុទ្រ ហើយការប្រើប្រាស់នីតិសមុទ្រនេះគួរតែត្រូវបានចាត់ទុកថាជា ការធានានូវទំនុកចិត្ត ជាជាងការបង្កការព្រួយបារម្ភ។ ជម្រើសនេះ មិនអាចចាត់ទុកជាមូលដ្ឋានសមស្រប សម្រាប់ផ្អាកការងារកំណត់ខណ្ឌសីមាព្រំដែនគោក តាមរយៈគណកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ដែលបានព្រមព្រៀងគ្នារួចហើយក្នុងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
គួររំលឹកផងដែរថា ប្រទេសថៃផ្ទាល់ បានដកខ្លួនជាឯកតោភាគី ចេញពីការចរចាទ្វេភាគីលើបញ្ហាសមុទ្រ ខណៈដែលកម្ពុជាបានបង្ហាញពីចេតនា ម្តងហើយម្តងទៀត ក្នុងការពឹងផ្អែកលើ UNCLOS សម្រាប់បញ្ហាសមុទ្រតែប៉ុណ្ណោះ។
ក្នុងនោះ កម្ពុជា សូមអំពាវនាវ ឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនា ហើយវិលត្រឡប់មកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ។ ក្រសួងបានបញ្ជាក់ថា គ្មានហេតុផលអ្វីទាំងអស់ ទាំងផ្នែកច្បាប់ និងការអនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តការងារ ស្របគ្នានឹងដំណើរការក្រោម UNCLOS នោះទេ។
សេចក្តីថ្លែងការណ៍ក៏បានលើកឡើងផងដែរថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សភានៃប្រទេសនិយាយភាសាបារាំង បានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងអំពាវនាវឱ្យបន្តដំណើរការខណ្ឌសីមាព្រំដែន។
ជាងនេះទៀត សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹង គោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាម អនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានទទួលស្គាល់ក្នុងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។
ជាចុងក្រោយ ក្រសួងបានសង្កត់ធ្ងន់ថា ការពន្យារពេលដំណើរការខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជាដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះ គឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


