ព័ត៌មានជាតិ
ត្រឹមដើមឆ្នាំនេះ រដ្ឋាភិបាល ផ្ដល់ថវិកាជាង ៣០ ម៉ឺនលានរៀល ជូនកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ
គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាល តាមរយៈ ប.ស.ស បានផ្តល់សាច់ប្រាក់ដល់ស្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ ប្រមាណជាង ៣០ ម៉ឺនលានរៀល ដែលនឹងជួយលើកកម្ពស់សុខភាព និងជីវភាពគ្រួសាររបស់កម្មករ-និយោជិត និងកូនៗ កាន់តែប្រសើរឡើងបន្ថែមទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ កុម្ភៈ នេះថា ចាប់ពីអនុវត្តក្នុងឆ្នាំ ២០១៨ រហូតដល់សប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋាភិបាល បានអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់ រាជរដ្ឋាភិបាល សម្រាប់ សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងកូនអាយុក្រោម ២ ឆ្នាំ ជូនដល់ម្តាយ ចំនួន ៦០៥,០៥៤ នាក់ និង កូន ចំនួន ៥៩៨ ០១៤ នាក់ ដោយចំណាយថវិកាអស់ ៣០៥ ៨៦៤ លានរៀល។

លោក កត្តា អ៊ន បានបន្តថា រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

លោក កត្តា អ៊ន បានបន្តទៀតថា ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ជិត ៣ លាននាក់។ ជាក់ស្តែងបើគិតពីដើមឆ្នាំ ២០២៥ ប.ស.ស បានចុះបញ្ជីកាសមាជិកថ្មីបានចំនួន ៧០ ៧៦៧ នាក់ និងសមាជិកមកប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលជាដៃគូជាមួយ ប.ស.ស ចំនួន ៦២២ ០៦២ ដង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


