ព័ត៌មានជាតិ
កម្ពុជាចាប់ដៃជាមួយជប៉ុនបន្តជំហរនយោបាយលើកកម្ពស់សន្តិភាព និងពហុភាគីនិយម
កម្ពុជាចាប់ដៃជាមួយជប៉ុន ដើម្បីរួមគ្នាបន្តរក្សានូវជំហរគោលនយោបាយលើកកម្ពស់សន្តិភាព និងពហុភាគីនិយម ខណៈដែលបរិបទពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ពិបាកប៉ាន់ស្មាន។ ជំហរនេះ បានបង្ហាញឡើងតាមរយៈរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា និងជប៉ុន។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Hayashi Yoshimasa រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន។
លោក វង្សី វិស្សុត និងលោក Hayashi Yoshimasa បានបញ្ជាក់ថា ក្នុងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងផ្លាស់ប្ដូរយ៉ាងរហ័សដែលមិនអាចប៉ាន់ប្រមាណបាន រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន នឹងរួមគ្នាបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយលើកកម្ពស់សន្តិភាព លើកកម្ពស់ពហុភាគីនិយម ការពង្រឹងកិច្ចសហប្រតិបត្តការអន្តរជាតិ ពិសេសការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងសកល ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ហិរញវត្ថុ និងសង្គម។

មន្ត្រីជាន់ខ្ពស់ទាំងពីរ បានបន្ថែមថា កម្ពុជា និងជប៉ុនមានគុណតម្លៃ និងទស្សនវិស័យរួមក្នុងការរួមចំណែកលើកកម្ពស់ស្ថិរភាព និងសន្តិភាពតំបន់សកលសម្រាប់ការបន្តជំរុញកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក Hayashi Yoshimasa រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយភាពស្វាហាប់ ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងកិច្ចការកែទម្រង់សំខាន់ៗ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនលើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។

ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ លោក វង្សី វិស្សុត បានបញ្ជាក់ទៅកាន់ភាគីជប៉ុន ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងនិងភាពជាដៃគូល្អជាមួយគ្រប់បណ្ដាប្រទេស ជាពិសេសការបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស្អិតរមួតរវាងបណ្ដាប្រទេសជាមិត្ត។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត គូសបញ្ជាក់ថា ជប៉ុនជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការរឹងមាំ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាង និងស្ដារនីតិសម្បទាកម្ពុជា តាំងពីដំណាក់កាលដំបូងនៃការកសាងសន្តិភាព រហូតមកដល់ដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍកម្ពុជា។ លោក បានរៀបរាប់ពីកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងរយៈពេលជិត៤ទសវត្សរ៍មកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្រោមក្របខ័ណ្ឌនៃជំនួយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុន ដែលបាននាំមកនូវភាពជោគជ័យក្នុងការអភិវឌ្ឍនៃវិស័យសំខាន់ៗរបស់កម្ពុជា ជាអាទិ៍ វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ អប់រំ សុខាភិបាល ភស្តុភារកម្ម សេដ្ឋកិច្ច វិនិយោគ និងពាណិជកម្ម ជាដើម។

សមិទ្ធផលដែលលេចធ្លោសំខាន់ៗ រួមមាន គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញ និងខេត្តសៀមរាប ស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង និងការចែករំលែកបទពិសោធរបស់កម្ពុជា និងជប៉ុនលើវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងបុព្វហេតុមនុស្សធម៌និងសន្តិភាពទាំងកម្រិតតំបន់និងពិភពលោក។ ជាការបន្ថែមរបស់ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត។

ជាទិសដៅទៅមុខ ក្នុងការបន្តគាំទ្រការអភិវឌ្ឍកម្ពុជាប្រកបដោយផ្លែផ្កា រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់អំពីជំហ និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលកម្ពុជា តាមរយៈការត្រៀមខ្លួនជាស្រេចក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាពិសេសការអនុវត្តការដ្ឋានការងារក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ច ច្បាប់ ទូរគមនាគមន៍និងឌីជីថល និងការអភិវឌ្ឍប្រព័ន្ធសេវា៥G នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យមានការបន្តពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងលើកទឹកចិត្តវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងមូលដ្ឋានការកសាងសង្គម សេដ្ឋកិច្ចកម្ពុជា៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


