Connect with us

ព័ត៌មានជាតិ

អ្នកវិភាគមើលឃើញថាការផ្ដល់ជំនួយពីជប៉ុនឱ្យកងទ័ពកម្ពុជា ជាទំព័រថ្មីក្នុងកិច្ចសហការយោធាជាមួយកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុននឹងផ្ដល់ជំនួយយោធាដល់កម្ពុជា ក្រោម​គម្រោង​ជំនួយ​សន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន ស្មើនឹងប្រមាណ ៣លានដុល្លារអាម៉េរិក។ ការផ្ដល់ជំនួយយោធានេះ អ្នកវិភាគ មើលឃើញថា គឺជាការបើកទំព័រថ្មីមួយទៀតក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន តាមរយៈការចូលរួមចំណែកពីជប៉ុនលើការពង្រឹងសមត្ថភាពសន្តិសុខរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត អេង កុកថាយ អ្នកវិភាគនយោបាយរបស់កម្ពុជា បានលើកឡើងថា ជំនួយផ្នែកសន្តិសុខរបស់ជប៉ុន ជារឿងថ្មីក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ខណៈជំនួយរបស់ជប៉ុនដែលផ្ដល់ឱ្យកម្ពុជាកន្លងមក ជាលក្ខណជំនួយអភិវឌ្ឍន៍ប៉ុណ្ណោះ។ លោកថា នេះជាបរិបទថ្មីនៃនយោបាយក្រៅប្រទេសរបស់ជប៉ុន ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ជប៉ុនបានប្រែក្លាយជាប្រទេស ដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រទេសដែលមានភាពសកម្មក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីផ្នែកសន្តិសុខជាមួយប្រទេសជាច្រើន ក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។

តែយ៉ាងណា ជំនួយផ្នែកសន្តិសុខដែលជប៉ុនផ្ដល់ដល់កម្ពុជានេះ បណ្ឌិត អេង កុកថាយ គូសបញ្ជាក់ថា គឺផ្ដោតសំខាន់លើការពង្រឹងសមត្ថភាពការពារខ្លួន មិនមែនជាការផ្ដល់ឧបករណ៍ ឬក៏សម្ភារៈយោធាដែលប្រើប្រាស់ឱ្យការវាយប្រហារនោះទេ។ លោក សង្កត់ធ្ងន់ថា «វាមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរវាងប្រទេសនិងប្រទេសនៅក្នុងតំបន់ឡើយ»។

គួរឱ្យដឹងថា ជំនួយ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣​លាន​ដុល្លារ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ជាផ្លូវការដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯក​អគ្គរាជូត​​ជប៉ុន​ប្រចាំ​កម្ពុជា និង​នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ។

តាមរយៈគម្រោងនេះ កម្ពុជានឹងទទួលបានឧបករណ៍បញ្ជូនសារ និងនាវាល្បាតពីជប៉ុន ដោយឧបករណ៍បញ្ជូនសារនឹងត្រូវផ្ដល់ឱ្យកងទ័ពជើងគោក ខណៈនាវាល្បាតនឹងត្រូវប្រគល់ឱ្យកងទ័ពជើងទឹក។

សម្រាប់លោក ថុង ម៉េងដាវីត ដែលជាអ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានមើលឃើញថា នេះគឺជាការជួយលើកកម្ពស់សមត្ថភាពប្រតិបត្តិការ សម្របសម្រួល និងការឆ្លើយតបរបស់កងកម្លាំងកម្ពុជាក្នុងកិច្ចការពារអធិបតេយ្យ និងសន្តិសុខដែនសមុទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងការជួយសង្គ្រោះ ក្នុងពេលមានគ្រោះមហន្តរាយនានា។

ម្យ៉ាងលោក មើលឃើញថា ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការភាពនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដែលជប៉ុនជាប្រទេសមួយមានតួនាទីសំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ក្នុងតំបន់។​ ការទទួលជំនួយយោធាពីជប៉ុននេះដែរ លោក ដាវីត ថា ក៏ជាការធ្វើពិពិធកម្មនៃកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយដៃគូផ្សេងៗរបស់កម្ពុជា ដែលស្របទៅតាមផលប្រយោជន៍ និងគោលការណ៍អព្យាក្រឹត្យផងដែរ។

ជំនួយសន្តិសុខផ្លូវការ (OSA) ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០២៣ គឺជាក្របខ័ណ្ឌជំនួយឥតសំណងឯកទេសមួយ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពសន្តិសុខ និងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយជប៉ុន ក្នុងការរក្សាសន្តិភាពអន្តរជាតិ និងបណ្តុះបរិយាកាសសន្តិសុខអំណោយផលដល់ប្រទេសជប៉ុន។

ចាប់តាំងពីឆ្នាំ២០២៣ កម្មវិធីនេះត្រូវបានអនុវត្តជាមួយប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ហើយបន្តនៅទូទាំងតំបន់អាស៊ី និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មកដល់ពេលនេះមានប្រទេសសរុបចំនួន១២ ខណៈកម្ពុជា គឺជាប្រទេសទី១៣ ដែលទទួលបានជំនួយនេះ។

តាមការគូសបញ្ជាក់របស់ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ការផ្ដល់ជំនួយផ្នែកសន្តិសុខដល់កម្ពុជានេះ ក៏ព្រោះថា ជប៉ុនចាត់ទុកកម្ពុជា ជាស្នូលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ជប៉ុន ហើយការអភិវឌ្ឍរបស់កម្ពុជាគឺមានសារៈសំខាន់សម្រាប់ស្ថិរភាព និងវិបុលភាព មិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម