ព័ត៌មានជាតិ
ជប៉ុនផ្ដល់ជំនួយផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា
ជប៉ុនផ្ដល់ជំនួយក្នុងតម្លៃប្រមាណ ៣លានដុល្លារអាម៉េរិកដល់កម្ពុជា ដើម្បីប្រើប្រាស់លើវិស័យសន្តិសុខ ក្រោមគម្រោងជំនួយសន្តិសុខផ្លូវការ (OSA)។ លិខិតប្តូរសាររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ស្តីពីជំនួយសន្តិសុខផ្លូវការនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយសន្តិសុខផ្លូវការ (OSA) ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០២៣ គឺជាក្របខ័ណ្ឌជំនួយឥតសំណងឯកទេសមួយ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពសន្តិសុខ និងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយជប៉ុន ក្នុងការរក្សាសន្តិភាពអន្តរជាតិ និងបណ្តុះបរិយាកាសសន្តិសុខអំណោយផលដល់ប្រទេសជប៉ុន។

ចាប់តាំងពីឆ្នាំ២០២៣ កម្មវិធីនេះត្រូវបានអនុវត្តជាមួយប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ហើយបន្តនៅទូទាំងតំបន់អាស៊ី និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជាប្រទេសឥណ្ឌូណេស៊ី ជីប៊ូទី និងស្រីលង្កា។ មកដល់ពេលនេះ មានប្រទេសសរុបចំនួន១២ ខណៈកម្ពុជា គឺជាប្រទេសទី១៣ ដែលទទួលបានជំនួយនេះ។
ការផ្ដល់ជំនួយផ្នែកសន្តិសុខដល់កម្ពុជានេះ ក៏ព្រោះថាជប៉ុនចាត់ទុកកម្ពុជា ជាស្នូលនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ជប៉ុន ហើយការអភិវឌ្ឍរបស់កម្ពុជា គឺមានសារៈសំខាន់សម្រាប់ស្ថិរភាព និងវិបុលភាព មិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ទាំងមូលផងដែរ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា អះអាងយ៉ាងដូច្នេះ។

តាមការបញ្ជាក់ពីលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) គម្រោងនេះនឹងផ្តល់ឧបករណ៍បញ្ជូនសារដល់កងទ័ពជើងគោកកម្ពុជា និងនាវាល្បាតសម្រាប់កងទ័ពជើងទឹកកម្ពុជា។ លោក ជឿជាក់ថា ការចូលរួមចំណែកពង្រឹងសមត្ថភាពសន្តិសុខរបស់កម្ពុជា ព្រមទាំងការរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់តាមរយៈគម្រោង OSA នេះ ក៏មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការបង្កើនភាពរឹងមាំនៃទំនាក់ទំនងសន្តិសុខរវាងជប៉ុន និងកម្ពុជា។
លោកឯកអគ្គរាជទូត រំពឹងថា ការគាំទ្រតាមរយៈគម្រោង OSA សម្រាប់កងទ័ពជើងគោកកម្ពុជានេះនឹងបង្កើតបានជាកិច្ចសហការប្រកបដោយប្រសិទ្ធភាពរួមគ្នា ជាមួយនឹងកម្មវិធីផ្លាស់ប្តូរបទពិសោធរវាងអ្នកជំនាញបញ្ជូនសារ នៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន និងកងទ័ពជើងគោកកម្ពុជា ដែលមានគោលបំណងបង្កើតសាលាបញ្ជូនសារដំបូងគេបង្អស់សម្រាប់កងទ័ពជើងគោកកម្ពុជា។

ជាការកត់សម្គាល់ មុនពិធីចុះហត្ថលេខាលើគម្រោងជំនួយសន្តិសុខផ្លូវការខាងលើ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ក៏មានជំនួបសម្ដែងការគួរសម និងជម្រាបលាចំពោះលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងឱកាសដែលលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា៕

ដោយ៖ធឿន វ៉ាន់សុង
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


